ខេត្តបាត់ដំបង៖ ជនសង្ស័យចំនួន២នាក់ រួមជាមួយនឹងគ្រឿងញៀនសរុបទម្ងន់៣១៣២,២០ក្រាម ត្រូវបាននគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋានគរបាលជាតិ ធ្វើការបង្ក្រាបនិងចាប់ខ្លួន ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១ រសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៤ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រតិបត្តិការនេះ ធ្វើឡើងតាម បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ក៏ដូចមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន សហការជាមួយ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋានគរបាលជាតិ ឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន ៖
១-ឈ្មោះ ឡេង សម្បត្តិ ហៅ វេង ,ខ្លី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ឈ្មោះ គយ រដ្ឋា ហៅ ពយ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំ រៀង ខេត្តបាត់ដំបង ។
ក្នុងនោះកម្លាំងបានធ្វើការដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣កញ្ចប់ មានទម្ងន់ ២៩៨៩,៣៤ក្រាម (ថ្នាំសុទ្ធ)
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួ ន ១០០៦ក្រាប់មានទម្ងន់៨៧,៣២ក្រាម
-ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី MDMA ចំនួន ១៤៩ គ្រាប់ មានទម្ងន់ ៥១,៦២ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន KETTAMIN ចំនួន២០ គ្រាប់មានទម្ងន់៣,៩២ក្រាម
- រថយន្តចំនួន ០១គ្រឿង ម៉ាកបាឡែន ពណ៌ស្ករ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A- 8837 ។ ថ្នាំញៀនសរុបរួមមានទម្ងន់ ៣១៣២,២០ក្រាម (ថ្នាំសុទ្ធ) ។
ពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់វិធានការតាមផ្លូវច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង