ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើងនៅក្នុងស្រុកត្រាំកក់ ខណៈបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារត្រាំកក់ នាំគ្នារត់ជញ្ជូនអីវ៉ាន់ចេញពីតូប មកកន្លែងមានសុវត្ថិភាព ស្របពេលដែលអណ្តាតភ្លើង កំពុងឆេះយ៉ាងត្របាញ់ឡើងលើអាកាស យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៦និង២០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ នៅផ្សារត្រាំកក់ ភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បានប្រាប់សារព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះថា អគ្គិភ័យដែលឆេះផ្សារត្រាំកក់នេះ បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី បានបំផ្លាញតូបលក់ដូរ អស់ចំនួន៥០តូប ក្នុងនោះឆេះអស់ទាំងស្រុងមានចំនួន ៣៥តូប និង១៥តូបទៀត រងការខូចខាតតិចតួច តែមិនទាន់ដឹងទំហំនៃការខូចខាតដែលគិតជាទឹកប្រាក់នៅឡើយនោះទេ ចាត់ទុកថាសំណាងណាស់ ដែលអគ្គិភ័យនេះគ្មាននរណាម្នាក់ រងរបួសឬមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការចុះទៅពន្លត់ភ្លើងដែលឆេះផ្សារត្រាំកក់នេះ គេឃើញមានការអន្តរាគមន៍ពី កម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្រ្គោះអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធ ចុះជួយធ្វើការបាញ់ពន្លត់ ដោយប្រើប្រាស់ឡានទឹកស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣គ្រឿង ,ស្រុកត្រាំកក់០១គ្រឿង ,ស្រុកទ្រាំង០១គ្រឿង, ស្រុកសំរោង០១គ្រឿង ,ស្រុកបាទី០១គ្រឿង ,ស្រុកអង្គរបុរី០១គ្រឿង ,ស្រុកព្រៃកប្បាស០១គ្រឿង ,ស្រុកកោះអណ្តែត០១គ្រឿង ,ស្រុកគិរីវង់ ០១គ្រឿង ,អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ០១គ្រឿង, ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿង ប្រើប្រាស់ទឹកបាញ់សរុបអស់១៤គ្រឿង ស្មើនឹង២៨ឡាន ទើបរលត់ទៅវិញជាស្ថាពរ ។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច។