រាជធានីភ្នំពេញ៖ ក្មេងស្រីម្នាក់ អាយុ៩ឆ្នាំ បានចុះលេងទឹកទន្លេបាសាក់ បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រហូតអណ្តែតសាកសពឡើង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១នេះ ។
យោងតាមប្រភពព័ត៌មាន ពីក្រុមគ្រួសារសាច់ញាតិ របស់សព បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ថា ក្មេងដែលស្លាប់មានឈ្មោះ ធី ស្រីណែត ភេទស្រី អាយុ៩ឆ្នាំ ជាកូនទី២ ក្នុងចំណោមកូន៤នាក់ក្នុងបន្ទុក ស្នាក់នៅតាមបណ្ដោយមាត់ទន្លេបាសាក់ ក្នុងភូមិកើតហេតុខាងលើ។
ក្រុមគ្រួសារសាច់ញាតិ របស់សព បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ទៀតថា មុនពេលកើតហេតុ ម្ដាយក្មេងស្រីរងគ្រោះខាងលើ បានចុះទៅជួយក្មេងស្រីអ្នកជិតខាងដែលលង់ទឹក តែភ្លេចខ្លួន ថាកូនស្រីរបស់ខ្លួនមកតាមពីក្រោយ ក៏មិនបានចាប់អារម្មណ៍ត្រឡប់ទៅផ្ទះវិញ លុះបាត់កូនរកមិនឃើញ ក៏ឆោឡោឡើង ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ ជួយចេញទូកនិងដើរតាមតាមរក តែរកយ៉ាងណាក៏មិនឃើញ ក៏រាយការណ៍ជូនសមត្ថកិច្ច ។ លុះព្រឹកឡើង ទើបប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ ខាងលើអណ្តែតលើផ្ទៃទឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសពក្មេងស្រីខាងលើនេះ បញ្ជាក់ថាពិតជាលង់ទឹកស្លាប់ពិតមែន និងប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ មេសា