រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយរថយន្តម៉ាកព្រុសមួយគ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងបញ្ជាក់ថា បើកបរលឿនខ្វះការប្រុងប្រយត្ន័ មកបុកពីក្រោយម៉ូតូម៉ាក PCXដែលបើកដោយបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ ខ្ទាតផ្លោងជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ៤និង ២៥ នាទីល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ លើផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យ បញ្ជាក់ប្រាប់TVFBថា អ្នកបើកបររថយន្តមានឈ្មោះ រស់ ឆៃណា ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ភូមិក្បាលដំរីក្រោម ឃុំ កំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល (ត្រូវបានឃាត់ខ្លួន)។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ ហ៊ួ ជុំនិត ភេទប្រុស អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាន ភូមិព្រែកពន្លា ឃុំព្រៃកប្បាស ស្រុកបាទី ខេត្តតាកែវ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2D-9207 បើកបរដោយឈ្មោះ រស់ ឆៃណា ក្នុងទិសដៅពីជើងទៅត្បូងបានបុកជាមួយម៉ូតូម៉ាក PCX ពណ៌ខ្មៅ ពាក់ស្លាកលេខ 1IQ-4167 បើកបរដោយឈ្មោះ ហ៊ួ ជុំនិត ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា ចំពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់យ៉ាងរន្ធត់ ។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងនាំខ្លួនអ្នកបើកបររថយន្តយកទៅកាន់ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ មេសា