រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងយប់មួយបានកើតឡើង ដោយបុរសម្នាក់ មានសតិមិនសូវប្រក្រតី បានយកសាំង មកចាក់ដុតខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ចំណុចបន្ទប់ជួលក្បែររោងចក្រទឹកកក ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រពន្ធជនរងគ្រោះឈ្មោះ លន ស៊ីណែត អាយុ៣២ឆ្នាំ បាននិយាយថា ប្តីរបស់គាត់ដែលយកសាំង ដុតខ្លួនឯង មានឈ្មោះ ពៅ អូន អាយុ៣៦ឆ្នាំ មុខរបរស៊ីឈ្នួលដឹកខ្សែភ្លើង មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ស្នាក់នៅចំណុចកើតហេតុ និងមានកូនចំនួន៣នាក់រស់នៅក្នុងបន្ទុក ។
ប្រពន្ធជនរងគ្រោះបានបន្តថា ប្តីគាត់មានជំងឺសសៃប្រសាទ ៥ ទៅ៦ឆ្នាំមកហើយ ដោយសារធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែនៅថ្ងៃកើតហេតុ ប្តីបានរករឿងប្រពន្ធ យកកាំបិតដេញចាក់ និងដេញអារ.កគាត់ គាត់ជាប្រពន្ធភ័យក៏មិនហ៊ានដេកជាមួយ ទើបទៅដេកបន្ទប់អ្នកជិតខាង ដោយទុកឲ្យប្តី ដេកម្នាក់ឯង លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានការផ្អើលឆោឡោថា ប្តីរបស់គាត់បានយកសាំងដុតខ្លួនឯង និងនាំគ្នាគាស់ទ្វារយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ យកប្តីចេញមកខាងក្រៅទាំងសភាពរបួសរលេះ រលួយខ្លួនប្រាណធ្ងន់ធ្ងរ ពេលនោះបងប្អូនប្រជាពលរដ្ឋបានហៅរថយន្តសាមុយ ដើម្បីមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសល គ្មានរថយន្តណាមកយកនោះទេ ជនរងគ្រោះដេកយំស្រែកថ្ងួចថ្ងូរប្រហែល ១ម៉ោង ក៏ដាច់ខ្យល់ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យសាកសពដល់ទីតាំងកើតហេតុ និងបានធ្វើកំនត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ហើយករណីនេះក៏បានបណ្តាលឲ្យឆេះខូចខាត នូវទ្រព្យសម្បត្តិមួយចំនួន ផងដែរ ៕