រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ ស្ត្រីម្នាក់ បានស្លាប់យ៉ាងរន្ធត់ នៅនឹងកន្លែង និងម្នាក់ ទៀតបានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយជិះម៉ូតូឌុបគ្នាខ្វះការប្រយត្ន័ ទៅបុកខឿនផ្លូវពេញទំហឹង កាលពីវេលាម៉ោង ៧ និង៣៥នាទី យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ ៦អា ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សាកសពស្ត្រីដែលត្រូវបានគ្រួសារបញ្ជាក់ថា មានឈ្មោះ ខេម ម៉ាច អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះ នៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា គេបានឃើញស្រ្តី២នាក់ ជិះឌុបគ្នាមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1H0-7007 ពីត្បូងមកជើងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតជ្រុលទៅបុកនឹងខឿនផ្លូវ ខ្ទាតជាច្រើនម៉ែត្រ បណ្តាលឲ្យអ្នកបើកបរ ខ្ទាតបោកក្បាលនឹងបង្គោលភ្លើងស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម និងអ្នកជិះពីក្រោយ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការឆែកកាមេរ៉ាសុវត្ថិភាព និងបានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕