រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស មួយគ្រឿង បានប៉ះដៃចង្កូតជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ជិះដោយស្ត្រីម្នាក់ បណ្តាលឲ្យដួលជើងលើម៉ូតូ ក្បាលដួលបោកទៅដីត្រូវបានរថយន្តកិនស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ១០ និង២៥នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅគោលដៅស្ពានខាងលើ បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 បើកបរដោយបុរសម្នាក់ ។ ចំណែកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-4083 ជិះដោយស្ត្រីម្នាក់ ក្នុងទិសដៅស្របទិសគ្នាចុះពីលើស្ពានជ្រោយចង្វារ ដោយល្បឿនមិនលឿនប៉ុន្មាននោះទេ ព្រោះមានការចង្អៀតចរាចរណ៍ ស្រាប់តែមកដល់ចំណុចកើតហេតុ ម៉ូតូបានបត់ស្តាំ ទើបទាក់ដៃចង្កូតជាមួយរថយន្ត ដួលម៉ូតូដោជើងជនរងគ្រោះនៅជាប់ជាមួយម៉ូតូ តែខ្លួនបានធ្លាក់ដួលដល់ដី ត្រូវបានរថយន្តឡិចស៊ីសនេះ កិនបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាម តែម្តង ។ ភ្លាមៗអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។
ក្នុងនោះ បើតាមសម្តីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឃើញហេតុការណ៍ខាងលើ បានបញ្ជាក់ប្រាប់ក្រុមការងារTVFBថា គាត់បានឃើញ រថយន្តម៉ាកឡិចស៊ីសនេះ បុកប៉ះម៉ូតូស្កុបពី ចំពីក្រោយ ទើបបណ្តាលឲ្យដួលហើយកិនជនរងគ្រោះស្លាប់តែម្តង ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕