រាជធានីភ្នំពេញ៖ អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ប្រមាណជាង១០០នាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ជាមួយនឹងការយកសំណាកពីពួកគាត់ទាំងអស់គ្នា ក្រោយព្យាយាម សម្រុកចាកចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលពួកគាត់បានសម្រុកចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ការឃាត់ខ្លួន អ្នកល្មើសទាំងជាង១០០នាក់នេះ ត្រូវបានធ្វើឡើងនារសៀល ថ្ងៃទី០៨ខែឧសភានេះ ទៅតាមបទបញ្ជានិងការណែនាំរបស់ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញដែលជាអ្នកចុះអនុវត្តការងារនេះផ្ទាល់ បានអោយដឹងថា ដោយមានការបញ្ជាផ្ទាល់ ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជារការឯកភាពរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអ្នករត់តាក់ស៊ីចំនួន៥៥នាក់ រថយន្ត៤២គ្រឿង និងបានឃាត់ប្រជាពលរដ្ឋចំនួន៤៩នាក់ សរុបទាំងអស់ចំនួន១០៤នាក់ ខណៈដែលពួកគាត់ សម្រុកចេញពីតំបន់ហាមឃាត់(តំបន់ក្រហម) ក្នុងគោលបំណងធ្វើដំណើរទៅតាមបណ្តាខេត្តនានា ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅអនុវិទ្យាល័យគោកបញ្ជាន់ ជាមួយនឹងការយកសំណាករកជម្ងឺកូវីដ-១៩ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានធ្វើការអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋដទៃទៀត
ដែលរស់នៅក្នុងតំបន់ក្រហម សូមកុំធ្វើអ្វីដែលល្មើសដូចបងប្អូនប្រជាពលរដ្ឋទាំង១០៤នាក់ខាងលើនេះ សូមកុំព្យាយាមចាកចេញពីតំបន់ក្រហមដែលជាតំបន់មានហានិភ័យខ្ពស់នៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម សូមឱ្យបងប្អូនទាំងអស់ ចូលរួមអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះទាំងអស់គ្នា ៕ប្រភព ទទក