រាជធានីភ្នំពេញ៖ បុរស២នាក់ បានរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យភ្លាមៗ ក្រោយបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ក្នុងល្បឿនលឿន ចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកគូទរថយន្តដឹកដី ដែលកំពុងតែឈប់ស្តុប ពេញទំហឹង កាលពីវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង 1G-3432 ក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុខាងលើ ម៉ូតូនេះក៏បានជ្រុលទៅបុកគូទរថយន្តដឹកដី ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1227 ដែលកំពុងតែឈប់ស្តុប បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែង យករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕