សោកសង្រេងណាស់! ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នងខ្ទេចគ្មានសល់ ផ្តាច់ជីវិតមនុស្សមួយគ្រួសារ មាន៥នាក់ ទាំងប្តីប្រពន្ធនិងកូន
សន្តិសុខសង្គម
159

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់ មនុស្សចំនួន៥នាក់ ត្រូវបានអគ្គិភ័យឆេះស្លាប់យ៉ាងរន្ធត់ ក្រោមកម្តៅព្រះអគ្គី រាប់ម៉ឺន រាប់សែនអង្សារ ឆេះស្លាប់១គ្រួសារតែម្តង ខណៈក្រុមពន្លត់អគ្គិភ័យជាច្រើននាក់ បានទាញទុយោបាញ់មកពន្លត់ដែរ តែមិនអាចជួយសង្គ្រោះបាន កាលពីវេលាម៉ោង ៨ និង៤៥នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចអ្នកតារាជ ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អគ្គិភ័យនេះគឺបានឆាបឆេះផ្ទះមួយខ្នង ទំហំ០៧ម៉ែត្រ គុណ ១២ ម៉ែត្រ សង់ពីដែកបាំង និងប្រក់ស័ង្កសី ដែលមាន ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

អ្វីដែលជាសោកសង្រេងទៅទៀតនោះ ក្នុងករណីគ្រោះអគ្គិភ័យនេះ បានផ្តាច់ជីវិតមនុស្សមួយគ្រួសារ គឺបណ្តាលឲ្យស្លាប់មនុស្សចំនួន ០៥នាក់ ស្រី០១នាក់ ត្រូវជាប្រពន្ធ និង កូន រួមទាំងសម្ភារៈប្រើប្រាស់និងផ្ទះក៏ឆេះអស់ទាំងស្រុងគ្មានសល់ ។

សូមបញ្ជាក់ថា ខណៈពេលអគ្គីភ័យឆាបឆេះនេះ ក៏មានរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់ទឹកអស់ ចំនួន០៣រថយន្ត ទើបរលត់អស់ទាំងស្រុង ។ ចំណែកមូលហេតុ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ ៕


Telegram