ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសមយុទ្ធកងទ័ពជើងទឹក នាគមាស-ឆ្នាំ២០២៤ លើនាវា៩៨៥ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានគណៈកម្មការលំហាត់ និងធ្វើសមយុទ្ធជាមួយបណ្ដាប្រទេសជាមិត្ត និងឧត្តមនាវីទោ កៅ ស៉ីវឈីង នាយរងសេនាធិការតំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន។
កងទ័ពជើងទឹក កម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» សមយុទ្ធកងទ័ពជើងទឹកនេះ ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រខេត្តព្រះសីហនុ។
សមយុទ្ធនេះធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និងបន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។ សមយុទ្ធកងទ័ពជើងទឹក «នាគមាស-២០២៤» បានធ្វើឡើងរយៈពេល១២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤៕