ផ្លូវជាតិលេខ១០តភ្ជាប់ខេត្តបាត់ដំបង-ពោធិ៍សាត់ឆ្ពោះទៅខេត្តកោះកុង សម្រេចកសាងបានជាង៨៣% ហើយ
ព័ត៌មានជាតិ
908

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តចំនួន៣ រួមមាន៖ ខេត្ត ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង)មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ សម្រេចការសាងសង់បាន៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤ ។

យោងតាមការបង្ហាញពីសំណាក់ឯកឧត្ដម ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា លទ្ធផលការងារសាងសង់ទាំងនោះរួមមាន ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារស្ពានខ្ពស់ជាងគេប្រវែង៥៣០ម៉ែត្រសម្រេចបាន ៤១,៥០%(គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ),ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤%។

ទន្ទឹមគ្នានេះ ឯកឧត្ដមអ្នកនាំពាក្យ បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូនលើផ្លូវជាតិលេខ១០ សម្រាប់ក្នុងរដូវវស្សានេះ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

បច្ចុប្បន្នកំណាត់ផ្លូវលេខ១០ មានស្ថានភាពដូចតទៅ៖ ពីpk0(សំឡូត)-pk60(ក្រពើពីរ)កៅស៊ូ ,ពីpk 60-pk 85 ក្រួសក្រហម ,ពីpk 85-pk112(អូរសោម)កៅស៊ូ ,ពីpk 112 -pk 130 ក្រួសក្រហម(អាចរអិលបន្តិចបន្តួចពេលភ្លៀងលើកំណាត់ខ្លះៗ),ពីpk 130-pk 160 កៅស៊ូ,pk 160 -pk 175 ក្រួសក្រហម និងពីpk 175-pk 198 (កោះកុង)កៅស៊ូ។

សូមជម្រាបថា តាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម ផន រីម ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕

ដោយ៖ ប៉ោ កុសល


Telegram