ខេត្តកំពង់ចាម៖
កម្លាំង ជំនាញ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បំបែកសំណុំរឿងក្នុងរយៈពេល២៧ថ្ងៃ លើករណីបាញ់ដោយអាវុធខ្លី រកឃើញស្លាកលេខ ១៤ស្លាក រួមទាំងកាំភ្លើង និងវត្ថុតាងមួយចំនួនធំទៀត ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ និង៤៥នាទី ដោយទទួល បានអនុសាសន៍ចង្អុលការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាម បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងជំនាញរបស់ ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងក្រុងកំពង់ចាម សម្របសម្រួលផ្ទាល់ពីលោក សាន សុភ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្ដិការបង្រ្កាបក្រុមលួចមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លី) យ៉ាងសកម្ម នៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ចាម ។
ជាលទ្ធផលសមត្ថកិច្ច បង្រ្កាបចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ រួមមាន ÷
១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរះ ហៅ ឡុងសម្បត្តិ ហៅ ឡុង ធា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ។
២.ឈ្មោះ ដេត សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
៣.ឈ្មោះ ហោ ស្រីអូន ភេទ ស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០៣គ្រឿង (ធុនសេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១ គ្រឿង) , ស្លាកលេខម៉ូតូចំនួន១៤ ស្លាក , អាវុធខ្លីចំនួន០១ដើម (ម៉ាក k59 ) , គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣គ្រាប់ និងសម្ភារៈវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា កន្លងមកពួកវាធ្លាប់ធ្វើសកម្មភាព ចំនួន១៥លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើលួច គឺបានយកទៅលក់ឲ្យ មុខសញ្ញាទទួលផលចោរកម្ម នៅរាជធានីភ្នំពេញ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ទៀតថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ ឡាំ ឆុន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយទទួលបានការសហការ ពីកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាទទួលផលចោរកម្មបានចំនួន០២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺ ÷
១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ដកហូតវត្ថុតាងបាន ៖
១-រថយន្តចំនួន០១គ្រឿង ម៉ាក កាម៉ារី ពណ៌ស ពាក់ផ្លាក់លេខ ២AQ-៩០៦៨ (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ) ។
២-ទូរស័ព្ទដៃចំនួន០២គ្រឿង។
៣-អត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរស័ក្កិ អនុសេនីយ៍ឯក ឋានៈ មន្ត្រី អត្ថលេខ ៥៧៤៤៧ ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងខាងលើ ត្រូវបានចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាម រួចហើយ៕