ខេត្តបាត់ដំបង៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០នាទីយប់ កងកម្លាំងអន្តរាគមន៍ បានធ្វើការចុះបង្ក្រាប មុខសញ្ញានាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅកាន់ប្រទេសថៃ ៣នាក់ និងពលរដ្ឋ១៤នាក់ ត្រូវបានចាប់ឃាត់ ក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា ការបង្ក្រាបនេះ គឺអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំង ចុះបង្ក្រាបមុខសញ្ញានាំចេញដោយមិនស្របច្បាប់ ចំនួន០២ករណី ខណ:ដែលពួកគាត់ប៉ុនប៉ងលួចឆ្លងដែនចូលទៅកាន់ប្រទេសថៃ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានឃាត់មនុស្សចំនួន១៧នាក់ ស្រី្តចំនួន០៥នាក់ ដែលក្នុងនោះមានមុខសញ្ញាជាមេខ្យល់ចំនួន០៣នាក់ផងដែរ ត្រូវបានបញ្ជូនទៅសមត្ថកិច្ចនគរបាលស្រុកកំរៀង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕