អាជ្ញាធរខេត្តកំពត បើកទ្វារទំនប់វារីអគ្គិសនីកំចាយ បន្ទាប់ពីទឹកមានការកើនឡើង
ក្រោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយ បានបើកទ្វាររំដោះទឹកចេញពីអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយខណៈទឹកកើនឡើងដល់កម្រិតកម្ពស់រំដោះត្រូវចេញ។
នេះបើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
តាមការគូសបញ្ជាក់របស់ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយបានឱ្យដឹងថា នៅពេលកម្រិតទឹកមានការកើនឡើងដល់កម្ពស់ ១៤៨,៨៤ម៉ែត្រ លំហូរចូលអាងមានចំនួន ៣៦១,៧៣ ម៉ែត្រគូប ក្នុងមួយវិនាទី។
ក្រុមការងារបច្ចេកទេសនឹងធ្វើការបើកទ្វារទឹកចំនួន១ កម្ពស់១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់វារីអគ្គិសនី នៅវេលាម៉ោង៤និង០០នាទីល្ងាចនេះ ដោយសន្សឹមៗតាមលក្ខណៈបច្ចេកទេស៕