ខេត្តបាត់ដំបង៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ចាប់ពីវេលាម៉ោង៥ល្ងាច រហូតដល់ម៉ោង ៦យប់ នៅចំណុចភូមិសាស្រ្តទទួលខុសត្រូវ ដោយកងអនុសេនាតូចលេខ៣ ចំណុះផ្នែកសឹករងស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ការបង្ក្រាបនេះ គឺអនុវត្តតាមយោបល់ ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងសហការជាមួយ កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៨១៩ និងកម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ អនុវត្តឃាត់ខ្លួននិងនាំខ្លួន អ្នកលួចឆ្លងដែនពីប្រទេសកម្ពុជា បំណងចូលទៅក្នុងប្រទេសថៃ ដោយខុសច្បាប់និងប្រថុយប្រថានបំផុតចំនួន១៩នាក់ស្រី០១នាក់។
ក្នុងការឃាត់ខ្លួននេះសមត្ថកិច្ចបានរកឃើញមនុស្សជា (មេខ្យល់) ក្នុងការនាំឆ្លងដែនដោយខុសច្បាប់នេះ ចំនួន០២នាក់គឺ៖
១-ឈ្មោះ ផូ ផាត ហៅ តៃ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
២-ឈ្មោះសាផាតភេទស្រីអាយុ៦៤ឆ្នាំមុខរបរកម្មកររស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយពេលសាកសួរនិងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានរៀបចំកសាងសំណុំរឿងបញ្ជូនអនុវត្តតាមផ្លូវច្បាប់ រីឯពលករចំនួន ១៧នាក់ បាននាំយកទៅកាន់មណ្ឌលចត្តាឡីស័កកម្រិតទី១ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមវិធានសុខាភិបាលមុននឹងមានចំណាត់ការបន្ត៕