សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបញ្ជាក់ថាអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈុីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបញ្ជាក់បន្តថាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួលបុរីចន្ទរាជាស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យជនជាតិវៀតណាមចំនួន០៣ នាក់ ស្រី០១ នាក់។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបាន
ដកហូតនិងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន:
- ថ្នាំញៀនប្រភេទហេរ៉ូអុីនទម្ងន់ ៥២៨.៥៥ក្រាម
- ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ២៧.៦៥ ក្រាម
-ថ្នាំញៀនប្រភេទអុិចស្តាសុីទម្ងន់ ០.២០ ក្រាម
- ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ១៥៩.៨៨ ក្រាម(សរុបសារធាតុញៀនទម្ងន់ ៧១៦.២៨ ក្រាម)
- ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង
- អាវុធខ្លី០១ដើម(ម៉ាកឡុក)គ្រាប់១៨គ្រាប់
- ទូរសព្ទ័ដៃ ០៣ គ្រឿង
- អត្តសញ្ញាណបណ្ណវៀតណាម០២ សន្លឹក
- ម៉ូតូ០១ គ្រឿង
- លិខិតឆ្លងដែន០១ ក្បាល
- កុំព្យូទ័រ ០១ គ្រឿង
ព្រមទាំង ឧបករណ៍សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕