យ៉ាងហោចណាស់ជនជាតិចិនចំនួន៦នាក់ត្រូវបានកងរាជអាវុធហត្ថខណ្ឌចំការមន បានធ្វេីការឃាត់ខ្លួនជនបន្ទាប់ពីពួកគេបានព្រួតគ្នាបង្កហិង្សានិងប្រេីអាវុធចុងស្រួចចាក់ទៅលេីបុរសជនជាតិចិនម្នាក់បណ្តាលឱ្យស្លាប់កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ករណីនេះកើតឡើងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអគារព្រីនស៍ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនជាតិចិន១ក្រុមមានគ្នា៦នាក់ បានឈ្លោះប្រកែកគ្នាជាមួយបុរសជនជាតិចិនម្នាក់ទាំងកំហឹង រហូតបាននាំគ្នាព្រួតវាយដំច្រំធាក់ និងប្រេីអាវុធចុងស្រួចចាក់ទៅលើបុរសជនជាតិចិនរងគ្រោះម្នាក់នោះបណ្ដាលឱ្យស្លាប់នៅកណ្ដាលផ្លូវតែម្ដង ទេីបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗដើម្បីជួយអន្តរាគមន៍ ។
ក្រោយទទួលបានព័ត៌មានខាងលេីភ្លាម កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់កន្លែងកេីតហេតុនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធសរុប០៦នាក់ យកទៅការិយាល័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងអនុវត្តបន្តតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេថាបង្កឡេីងព្រោះរឿងអ្វី ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើការហ៊ុមព័ទ្ធខ្សែ និងធ្វេីការស្រាវជាវរកសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕