រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ត្រូវបានលោកកូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។
ថ្វីត្បិតតែចៅក្រមសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែកញ្ញា មាន ពេជ្ររីតា ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ រាល់ការកោះហៅកញ្ញាត្រូវឆ្លើយតបគ្រប់ពេលវេលា ហាមមិនឲ្យជនត្រូវចោទផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ហាមមិនឲ្យជនត្រូវចោទចេញទៅក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងករណីជនត្រូវចោទគេចវេះដោយចេទនា មិនអនុវត្តតាមចំណុចណាមួយខាងលើ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញតាមមាត្រា ២៣០ នៃក្រមនីតិវីធីព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា កញ្ញា មាន ពេជ្ររីតា ត្រូវបាននគរបាលធ្វើការចាប់ឃាត់ខ្លួន រួចបញ្ជូនមកកាន់តុលាការ ដោយតុលាការ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីត្រូវ លោកឧកញ៉ា ហេង សៀ ប្តឹងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
គួររំលឹកថា តុលាការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា នាងក៏បានសម្រេចដាក់ពាក្យប្តឹងបកទៅកាន់ ឧកញ៉ា ហេង សៀ វិញផងដែរ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត កាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានឲ្យនាងទៅជួប ៕