តុលាការសម្រេចឃុំខ្លួនបុរស២នាក់ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ
សន្តិសុខសង្គម
108

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនបុរស២នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ស្ដារប្រព័ន្ធអេកូឡូស៊ីឡើងវិញ តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទមាន ១.ឈ្មោះថែល រិទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅបច្ចប្បន្នភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និង២.ឈ្មោះឯម អំ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ជនត្រូវចោទទាំង២នាក់ ត្រូវបានមន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ របស់ដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបាននៅនឹងកន្លែងកើតហេតុ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ខណៈកំពុងធ្វើសកម្មភាពកាប់រំលំដើមឈើ និងអារជ្រៀកឈើប្រភេទលេខ(ស្រឡៅ) ជាច្រើនដើម រួមជាមួយវត្ថុតាងរណារយន្តចំនួន១គ្រឿង និងម៉ូតូកែច្នៃចំនួន១គ្រឿង នៅចំណុចគីឡូម៉ែត្រលេខ១៦៣ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

បច្ចុប្បន្នជនត្រូវចោទទាំង២នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្នុងយុត្តាធិការស៊ើបសួរ៕ប្រភពមន្ទីរបរិស្ថានមណ្ឌលគិរី


Telegram