រាជធានីភ្នំពេញ៖សមត្ថកិច្ចបានតាមក្របួចក្រុមជនសង្ស័យមួយសំបុក ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រួចព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នៅផ្ទះសំណាក់មួយក្នុងភូមិសាស្ត្រខណ្ឌទួលគោក។
ប្រភពព័ត៍មានពីសមត្ថកិច្ចបានឲ្យដឹងថា ជំហ៊ានដំបូងនៅវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២១ ជនសង្ស័យមានបក្ខពួកចំនួន៤ នាក់ជិះម៉ូតូ ២ គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ករណីឆក់នេះកើតឡើងកាលពីនៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមកាំមេរ៉ាសុវត្តិភាពភ្លាមៗនឹងកំណត់មុខសញ្ញាផងដែរ ។
ជនសង្ស័យ៣នាក់រួមមាន ៖
១-ឈ្មោះ ស៊ឹម សុខលាភ (ត្រេន) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុ ញៀន) ។
២-ឈ្មោះ ចាន់ ឆាវ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។
៣-ឈ្មោះ រ៉ា ណេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារ ធាតុញៀន) រួមជាមួយបក្ខពួកគេចខ្លួន០១នាក់ទៀត បានជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិចម៉េក០១គ្រឿង ពីជនរងគ្រោះ ឈ្មោះ វ៉ាន់ ស្រីនុច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាហ្វេអាម៉ាហ្សូន ស្នាក់នៅផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ប្រភពបន្តថា ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ដោយមានការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ កួច សោភា អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោងប្រមាណជា៩ ព្រឹកថ្ងៃដដែលនៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ក្រោយពីបានធ្វើការឃាត់ខ្លួននិងសួរនាំជនសង្ស័យរួចមក សមត្ថកិច្ចបន្តទៅតាមចាប់បក្ខពួកដែរនៅសង្ងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់(យីហោតារាពេជ្រ ម៉ូឌែន) សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បានចំនួន២នាក់ទៀតចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់និងដកហូតបានម៉ូតូចំនួន ២គ្រឿង។ លុះដល់វេលាយប់ថ្ងៃដដែល សមត្ថកិច្ចធ្វើការស្រាវជ្រាវនិងចុះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១០ នាក់បន្ថែមទៀតក្នុងនោះមាន(ស្រី២នាក់) សង្ស័យក្រុមបក្ខពួកឆក់នៅចំណុចផ្ទះសំណាក់ដដែល ។ ខណៈដែលសមត្ថកិច្ចកំពុងតែឡោមព័ទ្ធចាប់ ស្រាប់តែជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីងរហូតដល់ក្នុងមន្ទីរពេទ្យជប៉ុន ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបឃាត់បានរួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភាមៗ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ១៣ នាក់ ដែលនៅមានខ្លះមិនទាន់បានស្គាល់អត្តសញ្ញាណ រង់ចាំរបាយការណ៍លម្អិតពីសមត្ថកិច្ចជុំវិញការឃាត់ខ្លួននេះសិន ខណៈសមត្ថកិច្ចកំពុងធ្វើការសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕