កូនស្រីបង្កើត និងកូនប្រសារប្រុស ដែលឈ្លោះទាស់ទែងគ្នា រឿងប្រច័ណ្ឌ យកកាំបិតមកចាក់ចំឪពុកបង្កើតដែលចូលទៅឃាត់ ៣កាំបិតស្លាប់ ត្រូវបានតុលាការ ចេញ ដីកាឃុំខ្លួនដាក់ពន្ធនាគារ ហើយ!
សន្តិសុខសង្គម
552

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ ចៅក្រម ស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញ ដីកាឃុំខ្លួន ដាក់ពន្ធនាគារ លើកូនស្រីបង្កើត និងកូនប្រសារប្រុស ដែលឈ្លោះទាស់ទែងគ្នា រឿងប្រច័ណ្ឌ រហូតយកកាំបិតមកចាក់ចំឪពុកបង្កើតដែលចូលទៅឃាត់ ចំនួន៣កាំបិត ស្លាប់យ៉ាងអាណោចអាធ័ម ក្រោម ការចោទប្រកាន់ ពីបទ ឃាតកម្ម តាម មាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ បន្ទាប់ពី លោក ម៉ុ ត ដា រ៉ា ជា តំណាង អយ្យការបាន ចោទប្រកាន់ជា ផ្លូវការ ហើយត្រូវបាន ចាត់ បញ្ជូនទៅចៅក្រម ស៊ើបសួរ ដើម្បី ឃុំខ្លួន ជនសង្ស័យ ដាក់ពន្ធនាគារ ជា បណ្តោះអាសន្ន រង់ចាំ សវនាការ ផ្តន្ទាទោស តាម អំពើ ដែល ជនល្មើសបាន ប្រព្រឹត្តបន្តទៀត ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលនៅចំណុចផ្ទះលេខ៥០៨ ក្នុងបន្ទប់ជាន់ទី១ ផ្លូវលេខ៨២BT ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែរហូតដល់ម៉ោង ៣ និង៤០នាទីរសៀល ទើបមានការភ្ញាក់ផ្អើលថា មានករណីឃាតកម្ម កូនប្រសារ និងកូនស្រី បានឈ្លោះគ្នាខ្លាំង រហូតឪពុកជាជនរងគ្រោះឃើញ ចូលទៅឃាត់ទាញកាំបិតទៅមក ក៏ត្រូវបានកូនប្រសារនោះចាក់ត្រូវចំនួន៣កាំបិតបណ្តាលឲ្យស្លាប់ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ។

ភ្លាមៗកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ រួមនិងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយនគរបាលកោសល្យវិច័យក្រុង បានចុះមកធ្វើការហ៊ុព័ទ្ធទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាកូនប្រសារ និងកូនស្រីរបស់ជនរងគ្រោះ យកទៅសាកសួរ និងពិនិត្យជុំវិញទីតាំងកើតហេតុ ដែលមានស្នាមឈាមជាច្រើនកន្លែងនៅក្នុងផ្ទះ រហូតដល់ជាន់ខាងក្រោម រួមទាំងកាំបិតផងដែរ ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១មានឈ្មោះ ប៊ុន សូហ្វែរ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ និងជនសង្ស័យទី២ជាប្តីមានឈ្មោះ ហេង សៅរស្មី ភេទប្រុស អាយុ៣១ឆ្នាំ ដោយជនសង្ស័យឈ្មោះ ប៊ុន សូហ្វែរ គឺជាកូនបង្កើតរបស់ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ប៊ុន សូវណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរងរបួសត្រូវចំចង្កេះខាងឆ្វេង១កន្លែង , ពោះ១កន្លែង, និងដើមទ្រូង ១កន្លែង។ ចំណែកជនសង្ស័យឈ្មោះ ហេង សៅរស្មី ជាកូនប្រសារ ។ ដកហូតបានកាំបិតសាំងគីម ដង ឈើ ១ដើម ។

សមត្ថកិច្ចខណ្ឌមានជ័យ បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ក្រោយសមត្ថកិច្ចបើកការសាកសួរយ៉ាងចិត្តទុកអស់រយៈពេលជាច្រើនម៉ោង ទើបដឹងថា ដំបូងឡើយជនសង្ស័យឈ្មោះ ប៊ុន សូហ្វែរ ជាកូនស្រីបង្កើតរបស់ជនរងគ្រោះ គឺបានទាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំងជាមួយនឹងជនសង្ស័យម្នាក់ទៀតជាប្តីឈ្មោះ ហេង សៅរស្មី ហើយក៏បានវាយប្រតាយប្រតប់គ្នា ។ ពេលនោះ ជនសង្ស័យឈ្មោះ ប៊ុន សូហ្វែរ បានយកកាំបិតសាំងគីម ដងឈើ ដែលខ្លួនបានលាក់ទុកនៅក្បាលគ្រែដំណេក យកមកកាន់ក្នុងដៃ ជនរងគ្រោះជាឪពុកបង្កើតបានឃើញ ក៏ចូលទៅជួយឃាត់ ក៏ត្រូវចំឪពុក៣កាំបិត ហូរឈាមដាប រួចក៏ប្រញាប់នាំគ្នាយកឪពុកទៅមន្ទីរពេទ្យ ពេលទៅដល់មន្ទីរពេទ្យរុស្ស៊ី ដោយសារអាការៈធ្ងន់ធ្ងរពេក គ្រូពេទ្យបានប្រាប់ថា ឪពុកបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង ៕


Telegram