អន្តរជាតិ៖ ក្រុមតាលីបង់ត្រូវបានដកចេញពីអំណាចនៅអាហ្វហ្គានីស្ថាន ដោយកងកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០១ ប៉ុន្តែក្រុមនេះបានដណ្តើមគ្រប់គ្រងប្រទេសនេះជាថ្មីម្តងទៀត បន្ទាប់ពីមានការវាយលុកយ៉ាងឆាប់រហ័ស។
រដ្ឋធានីកាប៊ុលគឺជាទីក្រុងសំខាន់ចុងក្រោយដែលបានធ្លាក់ក្នុងការវាយលុកដែលបានចាប់ផ្តើមកាលពីប៉ុន្មានខែមុន ប៉ុន្តែបានបង្កើនល្បឿននៅពេលដែលក្រុមមួយនេះ វាយលុយទទួលបានការគ្រប់គ្រងទឹកដី។ ក្រុមនេះបានចូលកិច្ចចរចាដោយផ្ទាល់ជាមួយអាមេរិកក្នុងឆ្នាំ ២០១៨ ហើយនៅខែកុម្ភៈឆ្នាំ ២០២០ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយដែលប្តេជ្ញាអាមេរិកដកទ័ពនិងតាលីបង់ ដើម្បីការពារការវាយប្រហារលើកងកម្លាំងអាមេរិក។ ការសន្យាផ្សេងទៀតរួមមានមិនអនុញ្ញាតឱ្យអាល់កៃដាឬក្រុមសកម្មប្រយុទ្ធដទៃទៀត ធ្វើប្រតិបត្តិការនៅក្នុងតំបន់ ដែលខ្លួនគ្រប់គ្រងនិងបន្តកិច្ចចរចាសន្តិភាពថ្នាក់ជាតិ។
ប៉ុន្តែនៅឆ្នាំបន្ទាប់ក្រុមតាលីបង់បានបន្តកំណត់គោលដៅទៅលើកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន និងជនស៊ីវិលដោយមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។
តើពួកតាលីបង់ជានរណា?
ក្រុម«តាលីបង់» ដែលមានន័យជាភាសាអារ៉ាប់ថា «កូនសិស្ស»ត្រូវបានបង្កើតឡើងនៅឯភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថាន ដោយបុរសម្នាក់ឈ្មោះ Mullah Mohammad Omar។ ក្រុមប្រយុទ្ធសកម្មរបស់ពួកគេត្រូវបានប្រមូលចេញពីចលនា Mujahedeen ដែលជាអ្នកតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អតីតសហភាពសូវៀតកាលពីទសវត្សរឆ្នាំ១៩៨០។
អាមេរិកបានផ្ដល់អាវុធ និងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់គាំទ្រដល់ចលនា Mujahedeen ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងអតីតសហភាពសូវៀតក្នុងសម័យសង្រ្គាមត្រជាក់។
សូវៀតនៅពេលនោះបានគាំទ្រមេដឹកនាំកុម្មុយនិស្ដអាហ្វហ្កានីស្ថាន ដែលបានដឹកនាំការធ្វើរដ្ឋប្រហារបង្ហូរឈាមទម្លាក់ប្រធានាធិបតីដំបូងគេរបស់អាហ្វហ្កានីស្ថាន លោក Mohammad Daoud Khan ចេញពីអំណាចនៅឆ្នាំ១៩៧៨។ គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៨៩ ទើបចលអ្នកតស៊ូ Mujahedeen ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីអាមេរិក និងប៉ាគីស្ថានបានបណ្ដេញកងទ័ពសូវៀតចេញពីអាហ្វហ្កានីស្ថាន។
ក្រោយសូវៀតត្រូវបណ្ដេញចេញ អាហ្វហ្កានីស្ថានបានធ្លាក់ចូលក្នុងភាពចលាចលនៃសង្រ្គាមស៊ីវិលនៅឆ្នាំ១៩៩២ ដោយពួកមេបញ្ជាការចលនា Mujahedeen បានវាយប្រយុទ្ធគ្នាឯងដើម្បីដណ្ដើមអំណាច និងបានពុះចែករដ្ឋធានីកាប៊ុលកាន់កាប់ម្ខាងម្នាក់។ ក្នុងសង្រ្គាមស៊ីវិលនេះ ចលនាថ្មីមួយនោះគឺតាលីបង់បានលេចមុខឡើងក្រោមការដឹកនាំរបស់ Mullah Mohammad Omar នៅឆ្នាំ១៩៩៤ ក្នុងទីក្រុង Kandahar ហើយចាប់ផ្ដើមទទួលបានការគាំទ្រកាន់តែច្រើនពីប្រជាជនអាហ្វហ្កានីស្ថាន។
នៅឆ្នាំ១៩៩៦ ក្រុមតាលីបង់វាយដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ុល និងបានព្យួករប្រធានាធិបតីកុម្មុយនិស្ដចុងក្រោយគេបំផុតរបស់អាហ្វហ្កានីស្ថាន លោក Najibullah Ahmadzai នៅឯទីលានមួយក្នុងរដ្ឋធានីកាប៊ុល។ ក្រុមតាលីបង់ដឹកនំាប្រទេសអាហ្វហ្កានីស្ថានបានតែជាង ៦ឆ្នាំប៉ុណ្ណោះ។
នៅថ្ងៃទី៧ តុលា ២០០១ អាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក George W. Bush បានប្រកាសសង្រ្គាមជាមួយក្រុមតាលីបង់ បន្ទាប់ពីពួកគេបដិសេធប្រគល់ និងផ្ដល់កន្លែងលាក់ខ្លួនឱ្យមេភេរវករអាល់កៃដា Osama bin Laden ដែលទីក្រុងវ៉ាស៊ីនតោនចោទថាជាអ្នកនៅពីក្រោយការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ កញ្ញា ២០០១។
អាមេរិក និងកងទ័ពសម្ពន្ធមិត្តបានប្រើពេលតែប៉ុន្មានខែប៉ុណ្ណោះ ក្នុងការផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ ហើយបានបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នថ្មីដឹកនាំដោយ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Hamid Karzai នៅខែធ្នូ ឆ្នាំ២០០១។
នៅឆ្នាំ២០០៦ ក្រុមតាលីបង់បានបម្រូលផ្ដុំកម្លាំងសាជាថ្មី និងចាប់ធ្វើសង្រ្គាមជាមួយកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុលគាំទ្រដោយអាមេរិក និង NATO រហូតដល់អាចឡើងកាន់អំណាចម្ដងទៀតក្នុងឆ្នាំ២០២១នេះ។
សង្រ្គាមដែលអូសបន្លាយពេលជាង២០ឆ្នាំ បានបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើមអស្ចារ្យ ដោយផ្ដាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថានច្រើនជាង ៤០.០០០នាក់ រីឯអាមេរិក បានចំណាយប្រាក់អស់ជាង ១ទ្រីលានដុល្លារនៅក្នុងសង្រ្គាមនេះ៕
ប្រភព៖ BBC (ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១) ប្រែសម្រួល៖ នង ណារិន