លោក បៃដិន ថា ចិនកំពុងព្យាយាមសម្របសម្រួលជាមួយតាលីបង់ ខណៈរដ្ឋាភិបាលថ្មីអាហ្វហ្កានីស្ថាន ត្រូវបានប្រកាសឡើង
អន្តរជាតិ
485

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើងថា លោកជឿជាក់ថា រដ្ឋាភិបាលចិននឹងព្យាយាមសម្របសម្រួលជាមួយក្រុមតាលីបង់ បន្ទាប់ពីក្រុមបះបោរឥស្លាមនេះដណ្តើមអំណាចនៅអាហ្វហ្កានីស្ថានបាន កាលពីថ្ងៃទី ១៥ ខែសីហា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។

អ្នកសារព័ត៌មានចោទសួរទៅកាន់លោកប្រធានាធិបតីថា តើសហរដ្ឋអាមេរិកព្រួយបារម្ភអំពីចិន ជំនួយឧបត្ថម្ភដល់ក្រុមនេះដែរឬទេ ស្របពេលដែលសហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើប្រទេសអាហ្វហ្កានីស្ថាន? ជាឆ្លើយតប លោកបៃ ដិនបានអះអាងថា៖« ប្រទេសចិនជាអ្នកមានបញ្ហាពិតប្រាកដជាមួយក្រុមតាលីបង់។ ដូច្នេះពួកគេនឹងព្យាយាមដោះស្រាយបញ្ហាខ្លះជាមួយតាលីបង់។ ខ្ញុំប្រាកដថា ប៉ាគីស្ថាន រុស្ស៊ី និង អ៊ីរ៉ង់ ក៏មានឆន្ទៈស្រដៀងចិនដែរ» ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ (G7) បានយល់ព្រមសម្របសម្រួលការឆ្លើយតបរបស់ពួកគេចំពោះពួកតាលីបង់ ហើយក្រុងវ៉ាស៊ីនតោន បានរារាំងមិនឱ្យក្រុមតាលីបង់ដកយកទុនបម្រុងរបស់អាហ្វហ្គានីស្ថាន ដែលភាគច្រើនត្រូវបានកាន់កាប់ដោយធនាគារកណ្តាលញូវយ៉ក។ គោលបំណងគឺដើម្បីធានាថា ក្រុមតាលីបង់ គោរពតាមការសន្យារបស់ពួកគេក្នុងការគោរពសិទ្ធិស្ត្រី និងច្បាប់អន្តរជាតិ។ក៏ប៉ុន្តែអ្នកជំនាញអន្តរជាតិ ពន្យល់ថា ផលប្រយោជន៍សេដ្ឋកិច្ចសហរដ្ឋអាមេរិក ភាគច្រើន នឹងបាត់បង់ ប្រសិនបើចិន រុស្ស៊ី ឬប្រទេសផ្សេងទៀត ផ្តល់ជំនួយដល់តាលីបង់។

បច្ចុប្បន្ន ប្រទេសអ៊ីតាលី ដែលជាប្រធានក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង ២០ (រួមទាំងចិននិងរុស្ស៊ី) បានព្យាយាមរៀបចំកិច្ចប្រជុំកំពូលនេះ តាមប្រព័ន្ធអនឡាញសំដៅពិភាក្សាលើបញ្ហាវិវត្តន៍នៅអាហ្វហ្គានីស្ថាន ប៉ុន្តែគ្មានកាលបរិច្ឆេទច្បាស់លាស់ ត្រូវបានប្រកាសនោះទេ ដែលនេះជាការបង្ហាញពីភាពមិនចុះសម្រុងក្នុងចំណោមសមាជិក G20។

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី បានប្រាប់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគីន (Antony Blinken) តាមទូរសព្ទកាលពីថ្ងៃ ២៩ ខែសីហាថា សហគមន៍អន្តរជាតិគួរតែគិតគូរតាលីបង់ ហើយ ណែនាំពួកគេដោយវិជ្ជមាន។

យ៉ាងណាក៏ដោយចុះ ប្រទេស ចិន មិនទាន់បានទទួលស្គាល់ជាផ្លូវការថា ពួកតាលីបង់ជាមេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែលោក វ៉ាងយី កាលពីខែកក្កដា បានធ្វើជាម្ចាស់ផ្ទះទទួលលោកមូលឡា បារ៉ាដា (Mullah Baradar) ដែលចាប់តាំងពីពេលនោះមក លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្ រីហើយបាននិយាយក្នុងពិធីនោះថាពិភពលោក គួរតែណែនាំនិងគាំទ្រប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលដែលប្រទេសមួយនេះកំពុងបង្កើតរដ្ឋាភិបាលថ្មី ចៀសវាងការដាក់សម្ពាធបន្ថែមទៀត៕

ប្រភព៖ Channel News Asia 

Telegram