អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការឆ្លើយតបជាអន្តរជាតិជាបន្ទាន់ ចំពោះវិបត្តិនយោបាយ ដែលបានបង្កើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ នៅក្នុងរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយអង្គការសហប្រជាជាតិនៅថ្ងៃពុធទី ២៩ ខែកញ្ញា។
បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះថា នៅក្នុងឯកសារស្តីពី« ស្ថានភាពសិទ្ធិមនុស្សរបស់ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ានិងជនជាតិភាគតិចដទៃទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា» ប្រមុខអង្គការសហប្រជាជាតិ ក៏បាននិយាយផងដែរថា លោកខ្លាចថា ការក្តាប់អំណាចរបស់យោធា នឹងកាន់តែពិបាកទប់ទល់។
លោកបានសរសេរក្នុងឯកសារដែលចុះថ្ងៃទី៣១ ខែសីហាថា «វាជារឿងបន្ទាន់ដែលសហគមន៍អន្តរជាតិនិងសមាគមន៍តំបន់ឆ្លើយតបទៅលើបញ្ហានយោបាយមីយ៉ាន់ម៉ា ដើម្បីជួយធ្វើឱ្យប្រទេសមួយនេះដើរលើផ្លូវឆ្ពោះទៅរកកំណែទម្រង់បែបប្រជាធិបតេយ្យ»។ ប៉ុន្តែមិនមានការបកស្រាយណាមួយអំពីការយឺតយ៉ាវក្នុងការចេញផ្សាយឯកសារនេះឡើយ។ ខ្លឹមសារឯកសារនេះទទួលបានការឯកភាពពី ១១៩ប្រទេសក្នុងនោះរួមមានប្រទេសចិនបដិសេធការបោះឆ្នោតនិងប្រទេសបេឡារុសបោះឆ្នោតប្រឆាំង។
កិច្ចប្រឹងប្រែងរបស់អន្តរជាតិ ត្រូវតែសង្កត់ធ្ងន់ទៅលើការដោះលែងលោកប្រធានាធិបតី វីន មីន(Win Myint) លោកស្រីអ៊ុងសានស៊ូជី ទីប្រឹក្សារដ្ឋនិងមន្រ្តីរដ្ឋាភិបាលដទៃទៀត។ នេះបើយោងតាមលោក Guterres បានថ្លែងនៅក្នុងរបាយការណ៍របស់លោក។
លោកបន្ថែមថា ការផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ ជាពិសេសចំពោះសហគមន៍ងាយរងគ្រោះក្នុងនោះមានជនម៉ូស្លីមរ៉ូហ៊ីងយ៉ា ដែលភាគច្រើនកំពុងរស់នៅនិរទេសនៅបង់ក្លាដែសនិងកន្លែងផ្សេងទៀត ចាំបាច់ត្រូវតែគិតគូ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ។ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ យោធាបានចាប់ផ្តើមការបង្ក្រាបយ៉ាងឃោឃៅទៅលើក្រុមប្រឆាំងដោយជនស៊ីវិលជាង ១១០០ នាក់ត្រូវបានសម្លាប់និង ៨៤០០ នាក់កំពុងជាប់ពន្ធនាគារ៕
ប្រភព៖ Channel News Asia