ប្រទេសថៃ៖ ទីក្រុងបាងកកនិងតំបន់ផ្សេងទៀតនៃភាគកណ្តាលប្រទេសថៃ បានទទួលការព្រមានថ្មី អំពីគ្រោះទឹកជំនន់ធំដែលអាចកើតមានឡើង ទោះបីជាអាជ្ញាធរជួយសង្គ្រោះគ្រោះមហន្តរាយបាននិយាយថា ការគំរាមកំហែងបានធូរស្រាលនៅក្នុងខេត្តចំនួន ១៣ ក្នុងចំណោមខេត្តចំនួន ៣០ ផ្សេងទៀតក៏ដោយ ។
បើតាមសារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គ្រោះទឹកជំនន់ បានប៉ះពាល់ដល់គ្រួសារជាង ២០០.០០០ គ្រួសារ នៅក្នុងខេត្តចំនួន ៣១ ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ និងបន្តកើតមាននៅក្នុងខេត្តចំនួន ១៨ នៅភាគខាងជើង ទីក្រុងបាងកក ប្រទេសថៃ។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ទឹកជំនន់ដែលបង្កឡើង ដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលនាំមកដោយព្យុះត្រូពិចដៀនមូ បានវាយលុកខេត្តចំនួន ៣១ នៅតំបន់ខ្ពង់រាបភាគខាងជើង ភាគឦសាន និងកណ្តាល នៃប្រទេសថៃ។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ភូមិចំនួន ៦.៣៣៥ នៅក្នុងស្រុកចំនួន ១៩០ ត្រូវបានលិចលង់ដោយទឹកជំនន់ ដែលបានប៉ះពាល់ដល់គ្រួសារចំនួន ២២៧.៤៧០ គ្រួសារ។
ដោយក្នុងនោះ មានមនុស្ស ៧នាក់បានស្លាប់ ដោយសារទឹកជំនន់ ក្នុងនោះ ៦ នាក់នៅខេត្តលុបបូរី និងម្នាក់នៅខេត្តភីឆាប៊ុន ហើយមនុស្សទី៨ ត្រូវបានគេរាយការណ៍ថា នៅតែបាត់ខ្លួននៅខេត្តីឆាប៊ុន កាលពីថ្ងៃព្រហស្បតិ៍។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទឹកជំនន់បានស្រកនៅក្នុងខេត្តចំនួន១៣ ហើយប៉ុន្តែខេត្ត ១៨ ទៀត ទឹកមិនទាន់ស្រកនោះទេ។
គួរបញ្ជាក់ថា ការព្រមានអំពីគ្រោះទឹកជំនន់នាពេលថ្មីៗនេះធ្វើឡើងដើម្បីបង្កើនការបញ្ចេញទឹកពីទំនប់ Chao Phraya Dam ចម្ងាយ ១៩០ គ .ម ខាងជើងទីក្រុងបាងកក និងទំនប់ទឹក Pasak Jolasid ដែលមានចំងាយប្រហែល ១០០ គីឡូម៉ែត្រ (៦០ ម៉ាយល៍) ភាគខាងជើងនៃរដ្ឋធានី៕
ប្រភព៖ Bangkok Post