អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្រាប់ឥស្សរជនជាន់ខ្ពស់បារាំងនិងអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់នឹងធានាសន្តិភាព ស្ថិរភាពនិងស្វាគមន៍សហការជាមួយប្រទេសប្រជាធិបតេយ្យផ្សេងៗ។ ការលើកឡើងនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកើនឡើងភាពតានតឹងជាមួយចិនដីគោក។
បើតាមសារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ច៤ថ្ងៃរបស់សមាជិកព្រឹទ្ធសភាបារាំងនិងអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោកតូនី អាប៊ត(Tony Abbott) បានចាប់ផ្ដើមកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ទស្សនកិច្ចនេះពាំនាំសេចក្ដីបារម្ភពីទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត អំពីបញ្ហាឈ្លានពានទ្រង់ទ្រាយធំចូលក្នុងដែនអាកាសតៃវ៉ាន់។
កោះប្រជាធិបតេយ្យនេះស្វះស្វែងរកការគាំទ្រពីប្រទេសប្រជាធិបតេយ្យ ជាពិសេសសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ខណៈពេលការកើនឡើងនូវសម្ពាធនយោបាយនិងយោធាពីសំណាក់ចិនដីគោកមកលើកោះតៃវ៉ាន់។
ថ្លែងនៅក្នុងការិយាល័យប្រធានាធិបតីទៅកាន់សមាជិកព្រឹទ្ធសភាបារាំងដឹកនាំដោយអតីតរដ្ឋមន្ត្រីការពារជាតិលោកអាឡាំង រីឆាត(Alain Richard) លោកស្រីTsai Ing-wen បានថ្លែងអំណរគុណបារាំងចំពោះការព្រួយបារម្ភរបស់ខ្លួនអំពីស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់និងការគាំទ្ររបស់សហគមន៍អន្តរជាតិ។
លើសពីនេះលោកស្រីបាន បន្តថាតៃវ៉ាន់បន្តបំពេញតួនាទីក្នុងនាមសមាជិកសហគមន៍អន្តរជាតិដើម្បីធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយក៏សង្ឃឹមថារួមចំណែកជាមួយបារាំងក្នុងបុព្វហេតុពិភពលោក។
លោកស្រី Tsai Ing-wen មិនបាននិយាយដោយផ្ទាល់អំពីសកម្មភាពរបស់កងទ័ពអាកាសចិននាពេលថ្មីៗនេះនៅក្នុងកម្មវិធីបញ្ចេញមតិជាសាធារណៈក្នុងកិច្ចប្រជុំរបស់លោកស្រីជាមួយប្រតិភូសមាជិកព្រឹទ្ធសភានោះទេ។
សូមបញ្ជាក់ថា ទាំងបារាំងនិងអូស្ត្រាលីមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ដូចប្រទេសភាគច្រើនដែរ។
ដោយឡែកក្រសួងការបរទេសតៃវ៉ាន់បាននិយាយថាខ្លួននឹងយកចិត្តទុកដាក់ចំពោះកិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិកលោកចូបៃដិននិងប្រធានាធិបតីចិនលោកស៊ីជីនពីង ដោយសារសហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រសំខាន់បំផុតរបស់តៃវ៉ាន់។
ក្រសួងការបរទេសតៃវ៉ាន់ បានលើកឡើងថា យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនៅទីក្រុងតៃប៉ិនិងទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាថាគោលនយោបាយអាមេរិកចំពោះតៃវ៉ាន់នៅតែមិនផ្លាស់ប្តូរ។
រដ្ឋាភិបាលតៃវ៉ាន់បានថ្កោលទោសចំពោះចំណាត់ការរបស់ចិនប្រឆាំងតៃវ៉ាន់ ហើយសង្កត់ធ្ងន់ថាខ្លួននឹងការពារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់កោះនេះហើយមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចចិត្តចំពោះអនាគតរបស់ពួកគេផ្ទាល់៕
ប្រភព៖ Reuters