អន្តរជាតិ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កំពុងជជែកពិភាក្សាគ្នារឿងមិនអញ្ជើញមេដឹកនាំសឹកមីយ៉ាន់ម៉ា ឲ្យចូលតុប្រជុំកំពូល ដែលគ្រោងរៀបចំឡើងក្នុងខែតុលានេះ ។ នេះបើតាមប្រសាសន៍របស់ប្រេសិតពិសេសអាស៊ាន ដោយលើកហេតុផលថា របបសឹកបរាជ័យក្នុងការធ្វើឲ្យមានដំណើរការក្នុងផែនការដែលបានព្រមព្រៀងគ្នារួច ដើម្បីស្តារសន្តិភាពក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក អើវ៉ាន់ យូហ្សូហ្វ(Erywan Yusof) ប្រេសិតពិសេសអាស៊ានទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានប្រាប់សន្និសីទព័ត៌មានមួយកាលពីថ្ងៃពុធសប្តាហ៍នេះថា« អសកម្មភាពរបស់របបសឹកលើផែនការកុងសង់ស៊ីស«៥ចំណុច»ដែលបានឯកភាពក្នុងខែមេសា ជាមួយអាស៊ាន គឺស្មើនឹងការដើរថយក្រោយ ក្នុងវិ បត្តិនយោបាយនេះ»។
មីយ៉ាន់ម៉ា ជួបប្រទះនឹងវិបត្តិនយោបាយ ចាប់តាំងពីរដ្ឋប្រហារមក ដែលបិទបញ្ចប់ដំណើរអណ្ដើករាប់ទសវត្សរ៍ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ។ រដ្ឋប្រហារនេះ ក៏រងការផ្ទុះតវ៉ា ទាំងក្នុងស្រុក និងបរទេស នៅចំពោះមុខការវិលត្រលប់មកវិញនៃការដឹកនាំតាមបែបសឹក។
មនុស្សជាង១១០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីថ្ងៃ១ ខែកុម្ភៈមក នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ភាគច្រើននៃការស្លាប់គឺកើតឡើងអំឡុងពេលបង្គ្រាបពីកម្លាំងសន្តិសុខ លើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យនិងដោះលែងលោកស្រី ស៊ូជី។ ចំណែករាប់ពាន់នាក់ទៀត ត្រូវបានចាប់ឃាត់ខ្លួន។
តាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Erywan រដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេ ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២១នេះ បានអះអាងថា របបសឹក ពុំបានឆ្លើយតបដោយផ្ទាល់ទៅនឹងសំណើរបស់លោក ដើម្បីចូលទៅជួបលោកស្រី អង់សាន ស៊ូជី។ លោកស្រី ស៊ូជី ជាអតីតមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវចាប់ឃុំខ្លួន ហើយរដ្ឋាភិបាលលោកស្រី ត្រូវបានផ្ដួលរំលំកាលពីថ្ងៃ១ ខែកុម្ភៈ ក្នុងរដ្ឋប្រហារយោធាដែលដឹកនាំដោយឧត្តមសេនីយ៍ មីង អ៊ុងឡាង។
ក្នុងផែនការកុងសង់ស៊ីសស្តារសន្តិភាពនៅមីយ៉ាន់ម៉ា ក៏រាប់បញ្ចូល ការតាំងចិត្តក្នុងការបង្កើតកិច្ចសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះ ការអនុញ្ញាតឲ្យបញ្ជូនជំនួយមនុស្សធម៌ និងបញ្ចប់អំពើហិង្សា។
យ៉ាងណាមិញ កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ដែលរៀបចំឡើងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានលើកឡើងពីការអាក់អន់ចិត្តចំពោះចន្លោះប្រហោងនៃការអនុវត្តកុងសង់ស៊ីស៥ចំណុចពីសំណាក់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដែលស្គាល់ថា របបសឹក។
តួយ៉ាង រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Saifuddin Abdullah សរសេរលើបណ្ដាញសង្គម Twitter ថា ដោយគ្មានដំណើរការអ្វីសោះលើកុងសង់ស៊ីស៥ចំណុច វានឹងពិបាកក្នុងការទទួលយកឧត្តមសេនីយ៍ មីង អ៊ុងឡាង ឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៕
ប្រភព៖ Al Jazeera