អន្តរជាតិ៖ ក្រុមមន្ត្រីបាននិយាយថា ការវាយប្រហារដោយគ្រាប់បែកអត្តឃាតទៅលើវិហារអ៊ីស្លាមមួយនៅក្នុងទីក្រុង Kunduz ប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច ៥០នាក់ និងមនុស្សជាង ១០០ នាក់បានរងរបួស នៅក្នុងការវាយប្រហារដ៏អាក្រក់បំផុត ចាប់តាំងពីកងកម្លាំងអាមេរិកបានចាកចេញ។
ក្រុមរដ្ឋអ៊ីស្លាម នៅខេត្ត Khorasan ISKP (ISIS-K) បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១។
មន្រ្តីសន្តិសុខក្នុងតំបន់ត្រូវបានដកស្រង់សម្តីដោយ Tolo News ដោយនិយាយថាមនុស្សជាង ៣០០ នាក់បានចូលរួមការអធិស្ឋាននៅពេលការវាយប្រហារកើតឡើង។
អង្គការសហប្រជាជាតិបាននិយាយថាការបំផ្ទុះគ្រាប់បែកនៅថ្ងៃសុក្រនេះគឺជា«ការវាយប្រហារសម្លាប់មនុស្សលើកទី ៣ នៅសប្តាហ៍នេះដែលសំដៅទៅលើស្ថាប័នសាសនា»និងជាផ្នែកមួយនៃ«គំរូនៃអំពើហិង្សាដែលគួរឱ្យព្រួយបារម្ភ»។
គួរបញ្ជាក់ថា IS-K ជាក្រុមដែលបានកំណត់គោលដៅ អាកាសយានដ្ឋានទីក្រុងកាប៊ុល ក្នុងការបំផ្ទុះគ្រាប់បែកដ៏សាហាវ កាលពីខែសីហា បានកំណត់គោលដៅជាបន្តបន្ទាប់ ទៅលើជនជាតិភាគតិច នៅអាហ្វហ្គានីស្ថាននាពេលកន្លងមក។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារវិហារអ៊ីស្លាមក្លឹបកីឡានិងសាលារៀន។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុម IS ក៏បានបង្កើនយុទ្ធនាការវាយប្រហារប្រឆាំងក្រុមតាលីបង់។
ការវាយប្រហារនៅថ្ងៃសុក្រ ប្រសិនបើវាត្រូវបានធ្វើឡើងដោយ ISដូចដែលពួកគេអះអាង នោះនឹងបង្ហាញពីការពង្រីកសកម្មភាពរបស់ពួកគេនៅភាគខាងជើងនៃប្រទេស។ ក្នុងនោះ ក្រុមតាលីបង់និយាយថា ពួកគេបានចាប់ខ្លួនសមាជិក IS រាប់សិបនាក់ ហើយត្រូវបានគេជឿថា បានសម្លាប់អ្នកឯ ទៀតដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមនេះ ៕
ប្រភព៖ BBC