នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida ប្តេជ្ញាបញ្ចប់វិបត្តិកូវីដ-១៩ និងការពារទឹកដី
អន្តរជាតិ
161

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយនៅក្នុងការថ្លែងសុន្ទរកថា អំពីគោលនយោបាយជាតិលើកដំបូងនៅក្នុងសភានៅថ្ងៃសុក្រនេះថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំប្រទេសជប៉ុនចេញពីវិបត្តិកូវីដ-១៩ ហើយការពារទឹកដីនិងពលរដ្ឋរបស់ខ្លួននៅក្នុងបរិយាកាសសន្តិសុខដ៏តានតឹង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១។

លោក គីស៊ីដា (Kishida) បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃចន្ទដោយជំនួសតំណែងលោក យូស៊ីហ៊ីដិ ស៊ូហ្គា (Yoshihide Suga)ដែលការគាំទ្ររបស់លោកបានធ្លាក់ចុះ ដោយសារការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩។

ក្នុងអំឡុងការថ្លែងសុន្ទរកថានោះ លោក គីស៊ីដា (Kishida) បានលើកឡើងជាថ្មីនូវការតាំងចិត្តរបស់លោកដើម្បីដោះស្រាយបញ្ហាបរិត្តផរណា និងបាននិយាយថាលោកនឹងបន្តជាមួយនឹងការបន្ធូរបន្ថយរូបិយវត្ថុ និងយុទ្ធសាស្ត្រសម្រាប់កំណើន។

លោកបានសន្យាផងដែរថានឹងផ្តល់ថវិកាដល់កម្មករមានការងារមិនទៀងទាត់, គ្រួសារដែលមានកូនតូច និងអ្នកដែលមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតដោយសារវិបត្តិកូវីដ-១៩។

ចំពោះកិច្ចការបរទេសនិងសន្តិសុខជាតិ, លោក គីស៊ីដា (Kishida) បាននិយាយថាលោកនឹងការពារសន្តិភាពនិងស្ថិរភាពរបស់ជប៉ុន។ ប្រទេសជប៉ុន ប្រឈមមុខនឹង ការបង្កើនកម្លាំងយោធាយ៉ាងឆាប់រហ័សរបស់ចិន និងការពង្រីកដែនសមុទ្រឈ្លានពានដោយសារតែការគំរាមកំហែងពីកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

រីឯចំពោះទំនាក់ទំនងជាមួយប្រទេសចិន, លោកបានឲ្យដឹងថាការបង្កើតទំនាក់ទំនងប្រកបដោយស្ថិរភាព និងការរក្សាកិច្ចសន្ទនាគឺជារឿងសំខាន់ ប៉ុន្តែជប៉ុននឹងនិយាយត្រង់ៗដោយមិនខ្លាចចិត្តនៅពេលដែលចាំបាច់៕

ប្រភព៖​ Reuters

Telegram