ប្រធានាធិបតីចិន​ លោក ស៊ីជីនពីង ប្តេជ្ញាបន្តការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ដោយសន្តិវិធី
អន្តរជាតិ
198

អន្តរជាតិ៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង​​ បានប្តេជ្ញាបន្ត«​បង្រួបបង្រួមជាតិ»ជាមួយតៃវ៉ាន់ ដោយសន្តិវិធី នៅក្នុងសុន្ទរកថាមួយនៅទីក្រុងប៉េកាំងនាថ្ងៃ​សៅរ៍នេះ។ ថ្លែងនៅក្នុងសាលប្រជាជន ដើម្បីរំលឹកខួបលើកទី ១១០ នៃ​បដិវត្តន៍ស៊ីនហៃ ដែលបានបញ្ចប់រាជវង្សអធិរាជចុងក្រោយរបស់ប្រទេស លោកស៊ីបាននិយាយថា ឧបសគ្គធំបំផុតចំពោះការបង្រួបបង្រួមចិនឡើងវិញគឺកម្លាំង«ឯករាជ្យតៃវ៉ាន់»។ លោកស៊ីបាននិយាយថា​ អ្នកដែលភ្លេចមរតករបស់ពួកគេក្បត់មាតុភូមិរបស់ពួកគេ ហើយស្វែងរកការបែកបាក់ប្រទេស នឹងគ្មានប្រយោជន៍ទេ​។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី០៩​ ខែតុលា ឆ្នាំ២០២១។

តៃវ៉ាន់និងចិនដីគោក ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នា ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលជាង​៧​ទស្សវត្សមុន​។ ទោះយ៉ាងណា ទីក្រុងប៉េកាំង ចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលមិនអាចបំបែកបាន ទោះបីបក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងកោះប្រជាធិបតេយ្យដែលមានប្រជាជនប្រហែល​២៤​លាននាក់ក៏ដោយ។

លោកស៊ី បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកចង់ឃើញការបង្រួបបង្រួមដោយសន្តិវិធីកើតឡើង ក្រោមគោលនយោបាយ«ប្រទេសមួយប្រព័ន្ធពីរ»ស្រដៀងទៅនឹងអ្វីដែលបានប្រើនៅក្នុងទីក្រុងហុងកុង។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធរដ្ឋាភិបាលជាទូទៅ ត្រូវបានជំទាស់ដោយតៃវ៉ាន់។

នៅក្នុងសុន្ទរកថារបស់លោកស៊ី បានបន្ថែមថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីខាងក្រៅឡើយ។

សុន្ទរកថានេះកើតឡើងចំពេលមានភាពតានតឹងផ្នែកយោធាកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់។ ក្នុងរយៈពេល ៤ ថ្ងៃនៅដើមខែតុលា យោធាចិន បានហោះហើរ យន្តហោះចម្បាំងជិត​១៥០​គ្រឿង ដោយមានយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ យន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះព្រមានមុន និងយន្តហោះដែលហោះហើរចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ នេះបើយោងតាមក្រសួងការពារជាតិរបស់កោះនេះ។

តួយ៉ាងប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាននិយាយនៅក្នុង វេទិកាសន្តិសុខមួយនៅទីក្រុងតៃប៉ិ កាលពីថ្ងៃសុក្រថា ថ្វីបើរដ្ឋាភិបាលរបស់លោកស្រី មិនស្វែងរកជម្លោះយោធាក៏ដោយ ក៏តៃវ៉ាន់នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារសេរីភាព និងរបៀបរស់នៅបែបប្រជាធិបតេយ្យរបស់ខ្លួន។

វាបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានប្រាប់អ្នកកាសែត កាលពីថ្ងៃពុធថា ប្រទេសចិន អាចមានលទ្ធភាពបង្កើនការលុកលុយលើកោះនេះ នៅឆ្នាំ​២០២៥៕

ប្រភព៖ CNN

Telegram