អន្តរជាតិ៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃទី ១១ ខែតុលានេះថា នៅក្នុងការអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតគណបក្សពលករកូរ៉េនៅថ្ងៃអាទិត្យទី ១០ ខែតុលា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន បានជំរុញឱ្យក្រុមមន្រ្តីផ្តោតលើការធ្វើឱ្យប្រសើរឡើង នូវការរស់នៅរបស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសនេះកំពុងប្រឈមមុខចំពោះស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការដាក់ទណ្ឌកម្មជាច្រើនឆ្នាំមកហើយទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរនិងអាវុធរបស់ខ្លួន ហើយនិងការភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ក៏បានបណ្តាលឱ្យជះផលអវិជ្ជមានដល់សេដ្ឋកិច្ចប្រទេសនេះផងដែរ ។
សូមជម្រាបថា អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ ដែលបានឃើញដោយសារព័ត៌មានរ៉យទ័រកាលពីសប្តាហ៍មុនថា៖« ភាពអត់ឃ្លានគឺជាហានិភ័យ ដែលងាយរងគ្រោះបំផុតរបស់ប្រទេសនេះ បន្ទាប់ពីវាបានធ្លាក់ចូលកាន់តែជ្រៅទៅក្នុងភាពឯកោ ដែលកំណត់ដោយខ្លួនឯង ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ហើយស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗអាចប្រែទៅជាវិបត្តិ»។
លោក គីម បាននិយាយនៅក្នុងសុន្ទរកថាមួយថា៖« កូរ៉េខាងជើងកំពុងប្រឈមនឹងកិច្ចការធំៗ សម្រាប់ការកែសម្រួលនិងការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ និង ការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចដែលបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំគណបក្សនិងរដ្ឋាភិបាលនាពេលថ្មីៗនេះ»។
លោកបានបន្ថែមថា មធ្យោបាយតែមួយគត់ សម្រាប់ការជំរុញការងារដ៏សំខាន់ ដែលមិនធ្លាប់មានពីមុនមក ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ គឺគណបក្សទាំងមូលត្រូវតែរួបរួមគ្នា ។
មេដឹកនាំរបស់កូរ៉េខាងជើងរូបនេះបានបញ្ជាក់ថា មន្រ្តីគ្រប់រូបមិនគួរប្រាថ្នាចង់បានអភ័យឯកសិទ្ធិ និង ការអនុគ្រោះឡើយ ហើយគួរតែគិតគូរជានិច្ចថាតើការងាររបស់ពួកគេរំលោភបំពានផលប្រយោជន៍របស់ប្រជាជនឬបង្កបញ្ហាដល់ប្រជាជនដែរឬទេ ៕
ប្រភព៖ Channel News Asia