អន្តរជាតិ៖ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ខ្លួនមានការព្រួយបារម្ភថាយោធានៅមីយ៉ាន់ម៉ា អាចនឹងរៀបចំការវាយប្រហារមួយដែលមិនអាចចៀសរួច សំដៅមកលើគូប្រជែងរបស់ខ្លួន ខណៈពេលមានការបង្កើតឡើងនូវអាវុធធុនធ្ងន់និងចំនួនកងទ័ពរៀងខ្លួន នៅក្នុងតំបន់ដែលអ៊ីនធឺណេតត្រូវបានកាត់ផ្ដាច់ទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។
លោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយថា លោកស្រីបានចងក្រងឯកសារអំពីការវាយប្រហារកាន់តែខ្លាំងឡើងៗ ដោយកងទ័ពចាប់ពីខែមុននៅរដ្ឋឈីន (Chin)និងតំបន់ផ្សេងទៀតដោយមានការសម្លាប់និងដុតផ្ទះ ក្នុងគោលបំណងព្យាយាមស្វែងរកការតស៊ូប្រដាប់អាវុធ ដែលជាស្គាល់ថាជាកងកម្លាំងការពារប្រជាជនគាំទ្ររដ្ឋាភិបាលស៊ីវិល។
លោកបានបន្ថែមថា «អ្វីដែលបានកើតឡើងកាលពីថ្មីៗនេះ យើងឃើញមានការប្រមូលផ្ដុំឡើងវីញនូវសព្វាវុធធុនធ្ងន់និងកងទ័ពជាច្រើនបានដាក់ពង្រាយនៅតំបន់ទាំងនោះ»។ លោកស្រីShamdasani និយាយបែបនេះក្នុងអង្គការសហប្រជាជាតិ សំដៅទៅលើតំបន់ឈីន(Chin) សាកាំង(Sagaing) និងមេខវ៉េរ(Magway)។
អំពើហិង្សានិងការបង្កើនកងទ័ពបាននាំលោកស្រី Michelle Bachelet ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមានការព្រួយបារម្ភយ៉ាងខ្លាំងថាអាចមានការវាយប្រហារកើតឡើងដែលជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនស៊ីវិល។
លើសពីនេះ លោកស្រីបានបន្ថែមថា មេបញ្ជាការជាន់ខ្ពស់ពីរនាក់ត្រូវបានដាក់ពង្រាយនៅតំបន់នោះផងដែរ។ ករណីនេះ អ្នកនាំពាក្យរបបយោថាមិនបានបញ្ជាក់ភ្លាមៗនោះទេ។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលសភាពវឹកវរ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ ដែលដឹកនាំដោយប្រមុខយោធា លោក មីន អ៊ុងឡាំង បានបញ្ចប់ដំណើរលទ្ធិប្រជាធិបតេយ្យ ដែលមាននិន្នាការជិតមួយទសវត្សរ៍។
ក្នុងនោះបើតាមការប៉ាន់ប្រមាណរបស់អង្គការក្នុងស្រុកមួយថាមានមនុស្សចំនួន ១១២០ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបដោយកងកម្លាំងសន្តិសុខយោធាលើអ្នកធ្វើបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យចាប់តាំងពីខែកុម្ភៈ។ យ៉ាងណាមិញ អ្នកនាំពាក្យរបបយោធាបញ្ជាក់ថា ការប៉ាន់ស្មាននេះគឺបំផ្លើសការពិត ហើយសមាជិកកងកម្លាំងសន្តិសុខយោធារបស់ខ្លួនក៏ត្រូវបានសម្លាប់ដែរ៕
ប្រភព៖ Reuters