អន្តរជាតិ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីថ្ងៃសៅរ៍បាននិយាយថា ប្រមុខយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing នឹងត្រូវបានដកចេញពីកិច្ចប្រជុំកំពូលនាថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលាខាងមុខនេះ ។
បើតាមសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អាស៊ាន សារព័ត៌មាន AFP បានរាយការណ៍ថា «អាស៊ានបានសម្រេចចិត្តអញ្ជើញអ្នកតំណាងដែលមិនមាននិន្នាការនយោបាយមកពីប្រទេសមីយ៉ាន់ម៉ា ជំនួសលោក Min Aung Hlaing បន្ទាប់ពីប្រទេសជាសមាជិកមួយចំនួនបានអំពាវនាវដល់មីយ៉ាន់ម៉ាឲ្យស្តារកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងធ្វើឲ្យប្រទេសវិលត្រឡប់មករកភាពប្រក្រតីវិញ »។
ការសម្រេចចិត្តខាងលើ ត្រូវបានធ្វើឡើង ដោយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំពិសេសមួយ កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។ កិច្ចប្រជុំនោះ មានគោលដៅពិគ្រោះអំពីភាពបរាជ័យ របស់របបដឹកនាំយោធាមីយ៉ាន់ម៉ា ក្នុងការគោរពតាមផែនការសន្តិភាព ដែលខ្លួនបានព្រមព្រៀងគ្នាជាមួយអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ព្រុយណេ គឺមិនមានការលើកឡើងចំៗពីឈ្មោះលោក មីន អោង ហ្លេង នោះទេ ដោយគ្រាន់តែនិយាយថា បុគ្គលដែលមិនជាប់ពាក់ព័ន្ធនយោបាយពីប្រទេសមីយ៉ាន់ម៉ា នឹងត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១នេះ ក្រោយអាស៊ានពុំអាចមូលមតិគ្នាជាឯកច្ឆន្ទ ជុំវិញការអញ្ជើញអ្នកតំណាងនយោបាយ។
គួរបញ្ជាក់ថា អាស៊ានបាននិងកំពុងរងសម្ពាធកាន់ខ្លាំងឡើងៗ ឲ្យប្រកាន់គោលជំហរតឹងរ៉ឹងជាងមុន ជុំវិញភាពបរាជ័យរបស់របបយោធាមីយ៉ាន់ម៉ា ក្នុងការអនុវត្តនូវចំណាត់ការដែលបានព្រមព្រៀងគ្នា ដើម្បីបញ្ចប់អំពើហិង្សា និងបើកផ្លូវសម្រាប់ជំនួយមនុស្សធម៌ ហើយចាប់ផ្តើមកិច្ចសន្ទនា ជាមួយគូបដិបក្ខ៕
ប្រភព៖ BBC