រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ខូចចិត្តនឹងសង្សារសុំបែកទៅរៀបការជាមួយអ្នកផ្សេង សម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលទាំងព្រឹក នៅវេលាម៉ោងជាង៩ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ក្នុងបុរី ពិភពថ្មីចំការដូង នៅតាមបណ្តាលផ្លូវលេខ ៦A ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ប៊ូ ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ មានស្រុកកំណើត ក្នុងភូមិជ្រោយ ឃុំបឹងព្រៀវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ដំបូងទ្បើយ យុវជនខាងលើបានស្គាល់គ្នាជាមួយនារីម្នាក់បានស្រទ្បាញ់គ្នា ស្មោះស្ម័គ្រគ្នា និងបានឲ្យឪពុកម្ដាយទាំងសងខាងដឹងឮ ស្រាប់តែម្តាយខាងស្រី បានឲ្យយុវជនខាងលើចូលស្តីដណ្តឹង តែដោយសារតែយុវជនខាងលើមានជីវភាពលំបាក ក៏សុំពន្យាពេលចូលស្ដីដណ្ដឹង លុះមកដល់យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នារីខាងលើបានខលទូរស័ព្ទមកប្រាប់យុវជនខាងលើថា ខ្លួនទៅរៀបការជាមួយប្រុសផ្សេង ស្រាប់តែយុវជនខាងលើបានតូចចិត្តយ៉ាងខ្លាំង និងបាននិយាយប្រាប់បងប្អូនថាសង្សាររបស់ខ្លួនទៅរៀបការជានិងអ្នកផ្សេងហើយ លុះមកដល់ព្រឹកទ្បើង ក៏ប្រទះឃើញសាកសពយុវជនខាងលើយក ខ្សែអង្រឹងចងក សម្លាប់ខ្លួននៅនិងធ្នឹមសសរផ្ទះស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ចចុះទៅទីតាំងកន្លែងហេតុភ្លាមៗ ។
បើតាមការសន្និដ្ឋានវាយតម្លៃពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ឆ័យ របស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ គឺជនរងគ្រោះធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដ មិនពាក់ព័ន្ធករណីឃាតកម្មឡើយ និងបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ មេសា