ក្រុងព្រះសីហនុ ៖ រថយន្តស៊េរីទំនើបម៉ាក Toyota Alphard មួយគ្រឿង បើកលឿនដូចហោះ នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យ បានបុកពីក្រោយរថយន្តមួយគ្រឿងទៀតពីក្រោយ និងបន្តទៅបុករថយន្តដែលគេចតចោល មួយគ្រឿងទៀត ពេលនោះស្រាប់តែថយក្រោយ ទៅប៉ះជាមួយរថយន្តមួយគ្រឿងទៀតនៅក្បែរផ្លូវ បណ្តាលឲ្យរងការខូចខាតជាច្រើនគ្រឿង សំណាងល្អគ្មានអ្នករបួសនោះទេ បង្កការភ្ញាក់ផ្អើលនៅម៉ោង១ និង៣៥នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវវិថីឯករាជ្យ ក្បែរនឹងស្ថានទូតវៀតណាម ក្នុងភូមិ ០២ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យក្រុមការងារTVFB ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានប្រទះឃើញរថយន្ត ម៉ាក Luxes RX 300 ពណ៌ព្រីងទុំ ព្រះសីហនុ 2A-5749 បើកបរក្នុងទិសដៅពីត្បូងទៅជើង ឡើងចំណោតផ្លូវវិថីឯករាជ្យពីអូរសំអាត ខណៈមកដល់កន្លែងកើតហេតុខាងលើ រថយន្តបានអកហ្សឺជាមួយនឹងម៉ូតូកង់បី បានជាន់ហ្វ្រាំងបង្អង់ល្បឿន ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក Toyota Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-0358 បើកបរដោយបុរសជនជាតិបរទេសម្នាក់ បានបុកពីក្រោយរថយន្ត Luxes RX 300ពេញមួយទំហឹង រួចក៏បន្តទៅបុកពីក្រោយរថយន្ត BMW X6 ពាក់ស្លាកលេខ ភ្នំពេញ 2AC-0928 ដែលចតចោលនៅនឹងមានផ្លូវ រងការខូចខាតផ្នែកខាងក្រោយដំណំ ដូចគ្នា។ ពេលនោះរថយន្ត Toyota Alphard ដែលរងការខូចខាតក្បាលខាងមុខធ្ងន់ធ្ងរនោះ ក៏បានថយក្រោយទៅបុកជាមួយនឹងរថយន្តចតចោលនឹងផ្លូវដូចគ្នា បណ្ដាលឲ្យរងការខូចខាត ធ្លាក់កាងក្រោយយ៉ាងដណំ តែសំណាងគ្មានអ្នករបួសនោះទេ។
បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្ត Toyota Alphard ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ឃាត់ខ្លួន យកទៅការិយាល័យដើម្បីធ្វើការសាកសួរបន្ត ។ ចំណែកឯវត្ថុតាងទាំងសងខាង ត្រូវបានធ្វើការវាស់វែង និងលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕ សំណាង