ខេត្តបាត់ដំបង៖ រន្ធត់ណាស់ ខណៈមនុស្សចាស់ក្មេង២នាក់ ត្រូវបានរន្ទះបាញ់ផ្តាច់ជីវិតយ៉ាងរន្ធត់ ក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយក្មេងស្រីឈ្មោះ អៀង លីណា អាយុ១២ឆ្នាំម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ ពេលជិះកង់មួយគ្រឿង ធាក់ត្រុកៗទៅសុំលុយពីម្តាយ ដើម្បីទិញនំញ៉ាំ អកុសលជិះកង់ត្រឡប់មកវិញក៏ត្រូវរន្ទះបាញ់ស្លាប់នៅចម្ងាយ១០០ម៉ែត្រពីផ្ទះ កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងក្រុមទី ១០ ស្តិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ក្រោយមកត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ស្ត្រីវ័យចំណាស់ម្នាក់ទៀត ក៏ត្រូវបានរន្ទះបាញ់ស្លាប់ដូចគ្នា នៅវេលាម៉ោង៤ល្ងាច ថ្ងៃដដែល ខណៈដែលស្ត្រីរងគ្រោះឈ្មោះ ង៉ែត ហឿន អាយុ ៥២ឆ្នាំ ដែលមានប្ដីឈ្មោះ ប៉ោក ម៉ន អាយុ ៥៣ឆ្នាំ រូបនេះ កំពុងតែឈរមើលកូន ដែលពូនរងដាំដំឡូងមី ស្រាប់តែភ្លាមនោះ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្ដង ក្នុថក្រុមទី៨ ភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះទាំង២នាក់ ដែលនៅភូមិផ្សេងនេះ និងបានបញ្ជាក់ថា ពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតមែន រួចប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕