ខេត្តកំពត៖ ពិតជាអាសូរណាស់ តែរឿងនេះមិនមែនទើបតែកើតមានឡើងនោះទេ គឺបានកើតឡើងជាច្រើនករណីមកហើយ សូមបងប្អូនប្រជាពលរដ្ឋ និងប្អូនៗទាំងអស់ បង្កើនការប្រុងប្រយត្ន័ ព្រោះត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ មិនអាចងើបរស់ឡើងវិញបាននោះទេ ជីវិតយើងម្នាក់ៗថ្លៃណាស់ ហើយគ្រួសារក៏គ្មានអ្នកណាធ្វើចិត្តបាននោះដែរ ដែលមកត្រូវបាត់បង់កូនៗត្រឹមប៉ុន្មាននាទី ។ ជាក់ស្តែងនៅក្នុងភូមិដើមចំរៀក ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ក្មេងប្រុសស្រីចំនួន៣នាក់ បានបបួលគ្នាចុះរាវលៀស ក្នុងរណ្តៅដីមួយកន្លែង អកុសលស្លាប់ទាំង៣នាក់ ទម្រាំបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច និងសាច់ញាតិ រាវរកឃើញ គឺបានស្លាប់ទៅហើយ កាលពីរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងដែលស្លាប់ទាំង៣នាក់ រួមមាន ទី១ឈ្មោះ ហង់ ស្រីតី អាយុ១៣ឆ្នាំ ទី២ឈ្មោះ សុង រតនា អាយុ១៣ ឆ្នាំ និងទី៣ ក្មេងប្រុស ឈ្មោះ ហង់ ទី អាយុ៩ឆ្នាំ ទាំង៣នាក់រស់នៅក្នុង ភូមិជ្រោះអូតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ ត្រាច ខេត្តកំពត។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការពិនិត្យសាកសព និងធ្វើកោសល្យវិច័យ បញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងប្រគល់សពក្មេងរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕