រថយន្តដឹកទំនិញធុនធំ បុកម៉ូតូស្កុបពី កិនអូសបុរសម្នាក់ជិត១០ម៉ែត្រ ស្លាប់យ៉ាងរន្ធត់ នៅគល់ស្ពានព្រែកជ្រៃ
សន្តិសុខសង្គម
456

រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានរថយន្តដឹកទំនិញធុនធំ បុកនិងកិនអូសជិត១០ម៉ែត្រ ស្លាប់យ៉ាងរន្ធត់ក្រោមកង់រថយន្ត បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសម្តីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ធំ 1D-6269 តាមបណ្ដោយផ្លូវលេខ២១៧ ពីត្បូងទៅជើង តាមដងផ្លូវខាងលើ ស្រាប់តែត្រូវរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2722 បុកពីក្រោយ និងកិនអូសជនរងគ្រោះជិត១០ម៉ែត្រ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម តែម្តង។ ចំណែកតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ។

សាកសពជនរងគ្រោះមានឈ្មោះ ស៊ឹម ចាន់ឌឿន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ចំណែកអ្នកបើកបររថយន្ត មានឈ្មោះ ប៉ក់ កវី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង យ្រថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕



Telegram