សមត្ថកិច្ចខេត្តស្ទឹងត្រែង ឆ្មក់បង្ក្រាបកន្លែងជល់មាន់ និងអាប៉ោង មួយកន្លែង ដកហូតម៉ូតូ២០គ្រឿង មាន់ជល់១៥ក្បាល ខណៈអ្នកលេងវិញរត់បាតជើងសព្រាត
ខេត្តសឹ្ទងត្រែង៖ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចខេត្តស្ទឹងត្រែង បានចុះធ្វើការបង្ក្រាបទីតាំងជល់មាន់ ភ្នាល់ល្បែងអាប៉ោង បៀរដុះស្លែមួយកន្លែង ចំណុចគីឡូ ៥ ក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ។
ប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានធ្វើការដកហូតបានមាន់ ចំនួន១៥ក្បាល រួមទាំងម៉ូតូចំនួន២០គ្រឿង ឯណោះ បូករួមទាំងវត្ថុតាងសម្ភារៈមួយចំនួនទៀត ខណៈដែលក្រុមអ្នកជល់មាន់ទាំងនេះ បាននាំគ្នារត់គេចខ្លួនអស់ បាតជើងសព្រាតតែម្តង ពេលសមត្ថកិច្ចចុះទៅដល់ ។
បើតាមលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ចំពោះ វត្ថុតាងដែលបង្ក្រាបបានទាំងនេះ សមត្ថកិច្ចជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ទោះអ្នកលេងល្បែងទាំងនោះ រត់គេចខ្លួនអស់ក៏ដោយ៕