ចាប់ខ្លួនមេខ្យល់០២នាក់បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យព្រឹកនេះ
សន្តិសុខសង្គម
206

ខេត្តបន្ទាយមានជ័យ មេខ្យល់០២នាក់និងពលករខ្មែរ០៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅចំណុចត្រួតពិនិត្យផ្លូវវិស្វកម្មស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កំលាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយអង្គភាពកងរាជអាវុធហត្ថស្រុកម៉ាឡៃ នៅថ្ងៃសៅរ៍០៦កើត ខែពិសាខ ឆ្នាំឆ្លូ វទោស័កព.ស២៥៦៤ កាលពីថ្ងៃទី ១៧ មេសាឆ្នាំ ២០២១ វេលាម៉ោង ០០និង ២៥នាទី ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ មានម្នាក់ឈ្មោះ រោះម សួន ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើករថយន្តម៉ាកនីស្សាន់មួយបាំងកន្លះ ពណ៌ ក្រហម ពាក់ស្លាកលេខ ក.៦០៧៦ ភ្នំពេញ២ មានទ្រុងដែក និងម្នាក់ទៀតឈ្មោះ អ៊ូច សុជា ភេទប្រុសអាយុ៤២ឆ្នាំ ជាអ្នករួមដំណើរ អ្នកទាំង២មានទីលំនៅភូមិអូរស្ងាត់ ឃុំត្រពាំងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកអធិការនគរបាលស្រុកម៉ាឡៃ បានបន្តថា ជនសង្ស័យទាំង០២នាក់ខាងលើនេះ បានធ្វើសកម្មភាពដឹកពលករខ្មែរប្រុស-ស្រីចំនួន០៧នាក់ មានទីលំនៅភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បំរុងនាំឆ្លងដែនទៅប្រទេសថៃ ហើយក៏ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង០០និង២៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចក៏នាំខ្លួនទៅធ្វើការសួរនាំនៅអធិការដ្ឋាន ទាំងអ្នកបើកបររថយន្ត និងពលករប្រុស-ស្រីទាំង៧នាក់។

លោកអធិការនគរបាលស្រុកម៉ាឡៃបានបញ្ជាក់ថា បើយោងតាមការបំភ្លឺរបស់ពលករទាំង៧នាក់បាននិយាយថា ពួកខ្លួនបានទំនាក់ទំនងជាមួយមេខ្សល់ ដើម្បីចេញទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏មានរថយន្តនីស្សាន់មួយបាំងកន្លះ ពណ៌ក្រហម មានទ្រុងដែក បើកបរដោយឈ្មោះរ៉ម សួន បានមកដឹកពួកខ្លួនពីស្រុកមង្គលបូរី ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយក្នុងម្នាក់ៗយកតម្លៃ៥០,០០០រៀល(ប្រាំម៉ឺនរៀល) លុះពេលមកដល់ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ក៏ត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំតែម្តង ។


Telegram