រាជធានីភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ សំណូមពរឱ្យក្រសួងស្ថាប័នចេញលិខិតបេសកកម្ម ដោយភាពស្មោះត្រង់និងម៉ឺងម៉ាត់ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ដើម្បីធានាក្នុងការអនុត្តឱ្យមានប្រសិទ្ធភាព ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីវិធានការបិទខ្ទប់ និងតំបន់ក្រហម និងការអនុវត្តច្បាប់តបតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឯកឧត្តម ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា លិខិតបេសកកម្មត្រូវតែចាំបាច់ ឧទាហរណ៍ នៅក្នុងអង្គភាពអគ្គស្នងការនគរបាលជាតិឬស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺមិនមានលិខិតបេសកកម្មនោះទេ ប៉ុន្តែមានកាតសម្គាល់ចេញ ចូលអង្គភាព ដែលកាតនេះពាក់នៅហោប៉ៅអាវខាងធ្វេង គឺជាសមត្ថកិច្ចរបស់រាជធានីភ្នំពេញដែលពួកគាត់ត្រូវបំពេញភារកិច្ចឬក៏ចប់ភារកិច្ចពីគោលដៅ ទៅផ្ទះគឺអនុញ្ញាត ។
ឯកឧត្តម ឧត្តមសេនីយ៍ ស ថេតបន្តថា កន្លងទៅក៏មានឃើញផងដែរ នគរបាលឬកងកម្លាំងផ្សេងទៀត ធ្វើចរាចរណ៍ទៅមក ដោយមិនដឹងថា ពួកគាត់មានភារកិច្ចក្នុងការអនុវត្តកិច្ចការងារហ្នឹងឬគ្រាន់តែធ្វើដំណើរឆ្លងកាត់ ដូច្នេះហើយ បានជាស្ថាប័នរដ្ឋមួយៗត្រូវកំណត់មុខសញ្ញាណាចាំបាច់បំផុត ដូចជាមករៀបចំប្រាក់បៀវត្សរ៍ អ្នកដែលនៅក្នុងពន្ធធនាគារឬមន្រ្តីផ្សេងៗទៀត ដែលបម្រើដល់ផលប្រយោជន៍ចាំបាច់ ជាខ្សែសង្វាក់ការងារក្នុងក្រសួងស្ថាប័នចាំបាច់ទើបឱ្យ បើមិនដូចនោះទេ អាចអ្នកខ្លះចង់ធ្វើដំណើរទៅនេះទៅនោះ ក៏សុំផងដែរ ដែលនេះអាចធ្វើឱ្យមានបញ្ហា ដល់ប្រសិទ្ធភាពនៃការបិទខ្ទប់។
សំឡេង«ការចេញលិខិតបេសកកម្មនេះចាំបាច់ត្រូវតែស្មោះត្រង់និងម៉ឺងម៉ាត់បំផុត បើមិនដូច្នោះទេ អ្នកណាដែលស្គាល់ អ្នកណាដែលស្និតស្នាល គាត់ទៅសុំបាន ហើយដើម្បីបានអាហ្នឹងមក គាត់ធ្វើដំណើរទៅធ្វើឱ្យមានការអនុវត្តរបស់យើងមានការកកស្ទះឬក៏បង្កនូវបញ្ហាផ្សេងៗដែលប្រជាពលរដ្ឋមានការច្រណែន ឃើញតែឡានសមត្ថកិច្ច ឃើញតែឡាននគរបាល ឃើញតែឡានកងយោធពលខេមរភូមិន្ទ អីអ៊ីចឹងទៅ ដូច្នោះរឿងអីដែលប្រជាពលរដ្ឋត្រូវការដើម្បីក្រពះចេញមិនបាន បើគ្នាវាចេញបានស្រួលម្ល៉េះយើងត្រូវប្រយ័ត្នប្រយែងឱ្យមែនទែន » ។
ឯកឧត្តម ឧត្តមសេនីយ៍ ស ថេត ក៏សូមអំពានាវឱ្យក្រសួងស្ថាប័នដែលមានសមត្ថកិច្ចចេញលិខិតបេសកកម្ម ឱ្យមន្រ្តីដែលចាំបាច់បំផុត ធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រីឯក្រុមហ៊ុនឯកជនដែលធ្វើស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ ក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់ផងដែរ ចំពោះបុគ្គលប៉ុន្មាននាក់ ដើម្បីធានាក្នុងការធ្វើដំណើរកុំឱ្យមានការកកស្ទះផ្លូវ ៕ប្រភពក្រសួងព័ត៍មាន