នគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធ៣ករណីផ្សេងគ្នា រួមទាំងគាស់ផ្ទះគេលួចគ្រឿងអលង្ការ ហិ...ង្សាររកចា..ក់ស..ម្លា....ប់ និងលួចធុងបាស់គេ អូសរត់តាមផ្លូវ !
សន្តិសុខសង្គម
129

រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ពងទឹក សហការជាមួយនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធ៣ករណីផ្សេងគ្នា ករណីទី១ . គា...ស់ផ្ទះគេក្នុងភូមិម័ល សង្កាត់ដង្កោ លួចយកគ្រឿងអលង្ការ , ទី២ ហិង្សាគំ.....រា...មស..ម្លា...ប់ និងទី៣ លួចធុងបាស់ របស់ប្រជាពលរដ្ឋ ។

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ​បានឲ្យដឹងថា ករណីទី១ លួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ (វ៉ៃបំបែកកញ្ចក់ទ្វារចូលលួចយក គ្រឿងអលង្ការនិងទ្រព្យសម្បត្តិ) កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២រសៀល ត្រង់ចំណុច ផ្ទះលេខ១២A ផ្លូវលេខ0៣A បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ស៊ូ ហ្សារ៉ា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១២A ផ្លូវលេខ0៣A បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សម្ភារ:បាត់បង់៖ ១/ខ្សែកាមេរ៉ាចំនួន០១ដុំ,២/ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ ចំនួន០១គ្រឿង,៣/ខ្សែក ផ្លាកទីនដាំត្បូងពណ៌សធម្មតាចំនួន០១ខ្សែ។

ចំណែកជនសង្ស័យឈ្មោះ ពៅ សាវ័ន្ត ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅបន្ទាប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យ គ្មានសារធាតុញៀន) ។ ឃាត់ខ្លួនជនសង្ស័យថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច ត្រង់ចំណុចបន្ទាប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដកហូតបាន ៖ ក្រវិលលោហ:ធាតុ ពណ៌លឿងមានដាំត្បូងពណ៌សចំនួន០១គូ, ក្រវិលលោហ:ធាតុ ពណ៌ស ដាំត្បូងពណ៌សចំនួន០១គូ, ចិញ្ចៀនលោហ:ធាតុពណ៌លឿងចំនួន០១វង់, IPAD ពណ៌ទឹកប្រាក់ចំនួន ០១គ្រឿង , ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ ចំនួន០១គ្រឿង វត្ថុតាងទាំងអស់ជារបស់ជនរងគ្រោះ ។

មុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទីរសៀល ជនរងគ្រោះ និងប្តី បានជិះរថយន្តចេញពីផ្ទះលេខ១២A ផ្លូវលេខ0៣A បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ យកកូនស្រីទៅសម្រាក ព្យាបាលជំងឺនៅមន្ទីពេទ្យកុមារជាតិ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានចាក់សោរទ្វាផ្ទះត្រឹមត្រូវ ។ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២រសៀល ជនរងគ្រោះក៏បានយកទូរស័ព្ទដៃមកបើក មើលកាមេរ៉ាសុត្ថិភាព ដែលបំពាក់នៅផ្ទះ ឃើញទ្វារបន្ទាប់ចំហក៏មានការសង្ស័យជនរងគ្រោះក៏បានឆែកមើលកាមេរ៉ាបន្ត ស្រាប់តែឃើញជនសង្ស័យ ធ្វើសកម្មភាព ឡើងតាមរនាំងដែកចូលក្នុងផ្ទះ រួចយកដែកអ៊ីណុកព្យូរខោអាវវ៉ៃបំបែកកញ្ចក់ទ្វារបន្ទប់លូកដៃបើក កន្លិះទ្វារចូល លួចយកទ្រព្យសម្បត្តិមានដូចបានរៀបរាប់ខាងលើ សរុបជាទឹកប្រាក់ចំនួន ៥០០០ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក) ។ រហូតដល់ វេលាម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ទើបជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើតាមនីតិវិធីច្បាប់ ។ លុះដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលា ម៉ោង៥ល្ងាច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ ជនសង្ស័យខាងលើបានរួមនិង វត្ថុតាង យកមកសាកសួរ ដោយជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាលួចយកគ្រឿង អលង្ការនិងទ្រព្យ សម្បត្តិរបស់ជនរងគ្រោះយកទៅលក់នៅផ្សារ ស្ទឹងមានជ័យថ្មី បានលុយចំនួន៨០ដុល្លារអាមេរិក(ប៉ែតសិបដុល្លារ អាមេរិក)ប្រាកដមែន។

ករណីទី២ ហិង្សាដោយចេតនា កើតឡើងកាលពីថ្ងៃ១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជនរងគ្រោះឈ្មោះ អ៊ុក សុពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ៥១M ផ្លូវលេខ០៣ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែក ជនសង្ស័យមានឈ្មោះ ឌឹម សត្យា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី ត្រង់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដកហូតបាន កូនកាំបិតចុងស្រួច ដងជ័រពណ៍បៃតង ចំនួន០១ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧ យប់ ជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KA-5986 ចេញពីផ្ទះឪពុកក្មេក ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅផ្ទះលេខ៥១M ផ្លូវលេខ០៣ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះរងគ្រោះជិះម៉ូតូចេញបានប្រហែល៥០ម៉ែត្រ ក៍ឃើញជនសង្ស័យ កំពុងដើរមកបញ្ច្រាស់ទិសគ្នាជាមួយជនរងគ្រោះដែលកំពុងជិះម៉ូតូ ស្រាប់តែជនសង្ស័យ ក៏បានវ៉ៃជនរងគ្រោះមួយដៃ រួចដកកូនកាំបិតចុងស្រួចចេញពីក្នុងហោប៉ៅខោខាងស្ដាំគំរាមចង់ចាក់ជនរងគ្រោះ ហើយជនរងគ្រោះក៏បានរត់ចុះពីលើម៉ូតូ រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច។ ភ្លាមៗសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង យកមកសាកសួរ ដោយជនសង្ស័យបានឆ្លើយថា ពិតជាបានវាយនិងកាំបិត បម្រុងនឹងចាក់សម្លាប់ជនរងគ្រោះពិតមែន ។

ដោយឡែក ករណីទី៣ លួច (ទ្រព្យសម្បត្តិ) កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៥និង០០នាទី ត្រង់ចំណុចភោជនីយដ្ឋានគង្គារត្រជាក់ចិត្ត ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជនរងគ្រោះឈ្មោះ សន ជូ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមានឈ្មោះ រិន រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ដកហូតបាន ធុងបាស់ម៉ាក JBL ពណ៌ខ្មៅ ចំនួន០១ ។

មុនពេលកើតហេតុ ជនរងគ្រោះបានរៀបចំបិទទ្វារចាក់សោររបង ភោជនីយដ្ឋានគង្គារត្រជាក់ចិត្ត ត្រឹមត្រូវ រួចក៏បានធ្វើដំណើរទៅសម្រាកនៅផ្ទះ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រហូតដល់វេលាម៉ោង០៥ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះបានទៅរៀបចំបើកភោជនីយដ្ឋានត្រជាក់ចិត្តខាងលើវិញ ស្រាប់តែ បាត់ធុងបាស់ម៉ាក JBL ពណ៌ខ្មៅ០១គ្រឿង ដែលជនរងគ្រោះ ទុកនៅកន្លែង គិតលុយ ក្នុងភោជនីយដ្ឋានខាងលើ ទើបដើរចេញទៅមើលខាងក្រៅរបង ក៏បានឃើញ ជនសង្ស័យកំពុងអូសធុង បាស់ម៉ាក JBL តាមផ្លូវជាតិលេខ៣ ដែលមានចំងាយពីភោជនីយដ្ឋាន ប្រវែង ២០០ម៉ែត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហើយជនរងគ្រោះ ក៏បានស្រែក ឆោឡោថាចោរៗ និងទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ឱ្យជួយអន្តរាគមន៍ ហើយ សមត្ថកិច្ចក៏បានចុះធ្វើការអន្តាគមន៍ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង ធុងបាស់JBL ចំនួន០១ យកមកធ្វើការសាកសួរ ទើបជនសង្ស័យឆ្លើយសារភាពថា ពិតជាបានលួច ធុងបាស់ម៉ាកJBL របស់ជនរងគ្រោះប្រាកដមែន ហើយជនសង្ស័យថែមទាំងបានឆ្លើយសារភាពទៀតថា រូបគេ ធ្លាប់បានធ្វើសកម្មភាពលួចប៉ុស្តិ៍ផ្សារ និងបំពង់ខ្យល់ ត្រង់ចំណុចភោជនីយដ្ឋានម្លប់ពោធិ៍វត្តស្លែង ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្រេច០១លើករួចហើយ ទើបជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

ពេលនេះជនសង្ស័យទាំង៣នាក់ ក្នុង៣ករណីខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram