ខេត្តព្រះសីហនុ៖ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា នៅចំណុចម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង–ខេត្តព្រះសីហនុ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦ ព្រឹក មានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិនម្នាក់ ចូលក្នុងរថយន្ត។
យោងតាមគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណរថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាព ។ ភ្លាមនោះកម្លាំងជំនាញបានធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង–ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលអោយរងរបួសបុរសម្នាក់។ បន្ទាប់មក រថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង–ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលអោយខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបានភ្លាមនោះជនសង្ស័យ២នាក់បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមានម្នាក់ សៀតអាវុធខ្លី១ដើមនៅចង្កេះរត់ចូលក្នុងផ្សារ និងម្នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើមរត់ទៅតាមផ្លូវគៀនផ្សារ ។
ពេលនោះកម្លាំងសមត្ថកិច្ចបានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានអាវុធខ្លី ចំណែកជនសង្ស័យម្នាក់ទៀតដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ច ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការផ្ទុះអាវុធ២គ្រាប់ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះម្នាក់ ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យម្នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស ។
ជនរងគ្រោះជាបុរេស ភេទប្រុស ជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ របួស ក ធ្ងន់ធ្ងរ ។
ចំណែកជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន (មាន ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)
ក្នុងនោះ សម្ភារៈ ដកហូតបានរួមមាន ៖
–រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ។ (ជាមធ្យោបាយជិះធ្វើសកម្មភាព)
–អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់ ១ មាន ៣គ្រាប់) ។ (អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ)
–កូនកាំបិតចុងស្រួច ០១ដើម ។ (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ)
–ទូរស័ព្ទដៃ ២គ្រឿង ។
–លិខិតឆ្លងដែន ២ក្បាល ។
–កាតរឹង ២សន្លឹក ។
–កាបូបក្រវាត់ចង្កេះ ១ ។
–នាឡិកាដៃ ២គ្រឿង ។
–ខ្សែ ១ខ្សែ ។
បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យ ៕