រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដើម្បីបន្តវឌ្ឍនភាពនៃកិច្ចការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ មន្ត្រីស៊ើបអង្កេត សាខា ក.ប.ប. ខេត្តស្ទឹងត្រែង បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង កណ្តាល ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តតាកែវ បានបន្តការចុះត្រួតពិនិត្យតាមម៉ាត ផ្ទះលក់ទំនិញ និងផ្សារ នៅតាមបណ្តាភូមិសាស្ត្រសំខាន់ៗនៃខេត្តរបស់ខ្លួន ដោយបានយកសំណាកគំរូទំនិញហូបចុករួមមាន ក្រញំាជើងមាន់-ទា ពោះគោ ពពុះសណ្តែក ។ល។ សរុបចំនួន ១៤គំរូ មកធ្វើតេស្តបឋមស្វែងរកសារធាតុគីមី។
ជាលទ្ធផលល្អ មន្ត្រីយើងពុំបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់លើទំនិញទាំងនោះទេ។
យ៉ាងណាមិញ ទំនិញចម្រុះរួមមាននំ កាហ្វេ និងជាពិសេសឡេលាបមុខ លាបខ្លួន សេរ៉ូមសក់ ហួសកាលបរិច្ឆេទប្រើប្រាស់ និងពុំមានប្រភពច្បាស់លាស់សរុបចំនួន ១១៨.៥៤គីឡូក្រាម និងភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខចំនួន ៧៩៨.៤៨គីឡូក្រម ត្រូវបានមន្ត្រីស៊ើបអង្កេតរកឃើញ និងបង្រ្កាបបាននៅទីផ្សារ ដោយមួយចំនួនត្រូវបានដកហូតយកមករក្សាទុក ដើម្បីបន្តនីតិវិធី។
ចំណែកម្ចាស់ទំនិញដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ បានទទួលនូវការអប់រំណែនាំ និងពិន័យអន្តរការណ៍តាមច្បាប់ជាធរមាន ៕