ខេត្តកំពង់ស្ពឺ ៖ ករណីចោរកម្មលួចម៉ូតូ ជារឿងដែលពលរដ្ឋស្អប់ជាទីបំផុត ជាក់ស្តែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល នៅចំណុចលើផ្លូវលំភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអនុវត្ដតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ សមត្ថកិច្ចបានឃាត់មុខសញ្ញាជាជនសង្ស័យម្នាក់ ចំណោមបក្ខពួកផ្សេងទៀត មានឈ្មោះ នាង ភ័ស្ដ ភេទប្រុស អាយុ២៣ឆ្នាំ រួមជាមួយម៉ូតូ ០១គ្រឿងម៉ាក ឌ្រីម C125 សេរីឆ្នាំ២០២២ ផ្លាកលេខម៉ូតូក្លែងក្លាយ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
ក្រោយសាកសួរឈ្មោះ នាង ភស្ដ័ បានឆ្លើយសារភាពថាម៉ូតូ ដែលខ្លួនកំពុងជិះនេះ គឺខ្លួនបានលួចពីចំណុចមុខផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្រោយវត្តវាលមាស ជិតផ្សារវាលរិញ ស្ថិតក្នុងឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ពេលធ្វើសកម្មភាពមានបក្ខពួកម្នាក់ទៀតឈ្មោះ ឈឺន ទីណា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទី១(សម្បុកចាប) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំពោះសមត្ថភាពលួចគឺធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូនៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រួចចំនួន ០២លើកផងដែរ រួមមាន ៖
+លើកទី១: នៅថ្ងៃទី០៣.០៧.២០២៣ វេលាម៉ោង ១០:២៦នាទី ចំណុចផ្សារតាឡាត ឃុំអូរ ស្រុកភ្នំស្រួច លួចបានម៉ូតូ ០១គ្រឿងម៉ាក Scopy ពណ៌ស សេរីឆ្នាំ២០២២ គ្មានផ្លាកលេខ យកទៅលក់នៅផ្សារវាលរិញ ខេត្តព្រះសីហនុ។
+លើកទី២: នៅថ្ងៃទី០៩.០៧.២០២៣ វេលាម៉ោង១៣:១៥នាទី ចំណុចភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លួចម៉ូតូ ០១គ្រឿងម៉ាក C125 សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1S-6561 យកទៅលក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លុះវេលាម៉ោង១៦និង៣០នាទី សមត្ថកិច្ចបានបន្តឃាត់ខ្លួនបក្ខពួកឈ្មោះ ឈឺន ទីណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូជាមួយឈ្មោះ នាង ភស្ត័ ប្រាកដមែន។
តាមការបញ្ជាក់ ពីលោកវរសេនីយ៍ឯក សាយ ប៊ុនថន អធិការស្រុក ថាប្រតិបត្ដិការសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ម៉ូតូC125 ចំនួន០២គ្រឿង សេរីឆ្នាំ២០២២ ០១គ្រឿង,សេរីឆ្នាំ២០២១ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។