ស្កាត់ពីស្រុករុក្ខគីរី មកលួចម៉ូតូអ្នកស្រុកមោង​ឫស្សី បានតែ​២ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
សន្តិសុខសង្គម
48

ខេត្តបាត់ដំបង ​៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១២ខែ​ សីហា​ឆ្នាំ២​០២៣ ចន្លោះម៉ោង​១២ទៅម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី១​៣ ខែ​ សីហា​ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករ​ណីលួចយកម៉ូតូមួយបានកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួច​ម៉ូតូ១​គ្រឿង ម៉ាកហុងដាសូនិច ពណ៌ស លាយ ក្រហម គ្មានស្លាកលេខ សេរីឆ្នាំ​ ២០២១ (គ្មានពន្ធ) ជារបស់ឈ្មោះ ឆម រី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើដែលបញ្ឈរ​ ​ទុកនៅក្រោមផ្ទះ(ទុកទាំងសោរ)នៅជាប់ម៉ូតូ រីឯម្ចាស់ចូលសម្រាក​ ក្នុងបន្ទប់ក្រោមផ្ទះ លុះភ្លឺឡើងភ្ញាក់​ពីដំណេកមើលម៉ូតូស្រាប់តែបាត់តែម្តងទើបផ្អើលឆោឡោ។

ដឹងថាបាត់ជនរងគ្រោះក៏រូតរះទៅប្តឹងដល់សមត្ថកិច្ចនគរបាលអំពីករណីនេះ​ ហើយពេលទទួលបានដំណឹងនេះ​ និងស្របតាមយោបល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោ​កវរសេនីយ៍ឯក​ស​ គឹម​ឡុងអ​ធិការនគរបា​លស្រុកមោងឫស្សីបានដឹកនាំធ្វើការស្រាវជ្រាវ​ និងផ្សព្វផ្សាយដំណឹងនេះដល់នគរបាលស្រុកពាក់ព័ន្ធ នឹងភូមិសាស្រ្តជាប់គ្នារហូតដល់ថ្ងៃទី១៤ ខែ​ សីហា ​ឆ្នាំ​២០​២៣ វេលា​ម៉ោង ១៣ និង​៥០នាទី នៅចំណុចក្រុម​ទី​១ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ។

សមត្ថកិច្ចនគរបាលស្រុករុក្ខគីរីបានចុះល្បាតនៅចំណុចខាងលើក៏ប្រទះឃើញបុរសម្នាក់​ ឈ្មោះស្វាយ ទន់អី ភេទប្រុស អា​យុ​២៥ឆ្នាំ រស់នៅភូមិសៀម ឃុំព្រែក​ជីក ស្រុករុក្ខគីរី ជិះម៉ូតូ​០១គ្រឿង ម៉ាក​សូនិច​(ដូចភិនភាគ​ម៉ូតូដែលបានបាត់ដូចខាងលើ) ហើយសមត្ថកិច្ចនគរបាលបានឃាត់មនុស្សនិងម៉ូតូ ធ្វើការសាកសួរទើបដឹងថា​ បុរសនេះជាអ្នកលួចម៉ូតូរបស់ជនរងគ្រោះនៅស្រុកមោងឫស្សី​ប្រាកដមែន ហើយពេលនោះក៏ទំនាក់ទំនងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែលជាម្ចាស់ករណីដើម្បីចាត់ការតាមនីតិវិធីច្បាប់​ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕


Telegram