សមត្ថកិច្ចចុះបង្ក្រាបហាងកាហ្វេ៥កន្លែងជាប់គ្នា នៅម្តុំត្រឡោកបែក លួចបង្កប់នូវសេវាបម្រើផ្លូវភេទ ឃាត់ខ្លួនមនុស្ស១៦នាក់
សន្តិសុខសង្គម
161

រាជធានីភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាលជាតិ​ នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បានធ្វើការឆ្មក់បង្ក្រាបហាងកាហ្វេចំនួន ៥កន្លែង ជាប់ៗគ្នា ដែលលួចបង្កប់នូវសេវាបម្រើផ្លូវភេទ ឃាត់ខ្លួនបានមនុស្សជាច្រើននាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅម្តុំត្រឡោកបែក ដែលមានទីតាំងតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជុំវិញប្រតិបត្តិការនេះដែរ សមត្ថកិច្ចបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចជំនាញ ទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាទីតាំងហាងកាហ្វេទាំងនេះ សុទ្ធតែលួចបង្កប់នូវសេវាបម្រើផ្លូវភេទ លុះពេលសមត្ថកិច្ចចុះទៅដល់ ក៏បានឃាត់ខ្លួនមនុស្ស ១៦នាក់ ក្នុងនោះមាន​៤នាក់ ជាម្ចាស់ទីតាំង ដោយឡែក ១២នាក់ទៀត ជានារីដែលបម្រើសេវាផ្លូវភេទ និងបានរកឃើញស្រោម​អនាម័យ​ប្រើប្រាស់​រួច​មួយ​ចំនួន​ និង​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន​ផងដែរ ។

ពេលនេះ ចំពោះនារីទាំង​១២នាក់ ​ត្រូវ​បាន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច​ ខណៈ៤នាក់​ទៀតជាម្ចាស់ទីតាំង និង​វត្ថុ​តាង​ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការ​ពារ​អនីតិជន​ នៃ​អគ្គស្នងការ​នគរបាលជាតិ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធីច្បាប់ ដោយឡែកហាងទាំង៥ខាងលើ ត្រូវបានបិទឃ្លុំបេជាបណ្តោះអាសន្ន ៕ ​ នុច


Telegram