រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈប្រជាពលរដ្ឋបានប្រទះឃើញ សពជនបរទេសម្នាក់ ចងកសម្លាប់ខ្លួន ជាប់ដើមលឿងរាជ្យ បរិវេណស្រះទឹកកោះពេជ្រ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ កាលពីវេលាម៉ោង ៥និង ២០នាទី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តាមផ្លូវមហាវិថីកោះពេជ្រ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ជាជនជាតិកូរ៉េខាងត្បូង ឈ្មោះ CHO YU SEOP ភេទប្រុស ឆ្នាំកំណើត១៦-០៩-១៩៩៦ កាតសំគាល់ខ្លួនលេខ៩៦០៧១៦-១១៨៧៧១៣ ពុំស្គាល់កន្លែងស្នាក់នៅ។
តាមការបំភ្លឺពីឈ្មោះ យ៉ន់ យី ភេទប្រុស អាយុ៣៣ឆ្នាំ ជាសន្តិសុខនៅកោះពេជ្រ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ពេលខ្ញុំកំពុងប្រចាំការ ស្រាប់តែមានមនុស្សប្រុសម្នាក់រត់មកប្រាប់គាត់ថា គាត់ដើរហាត់ប្រាណនៅជុំវិញស្រះទឹក ប្រទះឃើញមានសាកសពមនុស្សប្រុសម្នាក់ចង ក ទើបគាត់បានទៅមើលឃើញមានសាកសពមែន ក៏ប្រញាប់របាយការណ៍ជូនសមត្ថកិច្ច ។ លុះនៅវេលាម៉ៅង ៦និង៣០នាទី សមត្ថកិច្ចខណ្ឌចំការមន បានរាយការណ៍មកការិយាល័យ និងតាមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យបានចាត់តាំងកម្លាំងជាបន្ទាន់ចុះទៅកន្លែងកើតហេតុ ពិនិត្យនៅបរិវេណស្រះទឹកពីខាងលិច ឃើញមានសពមនុស្សប្រុសម្នាក់ ចង ក ដោយចំណងខ្សែនីឡុងពណ៌សជាប់នឹងដើមលឿងរាជ្យ ដោយឃ្លាតពីដីដល់ចំណងលើប្រវែង២,៤៧ម, នៅលើដីក្បែរជើងសពមានកូនកៅអីជ័រ១កំពស់២៥ស.ម និងកន្ទុយបារីម៉ាក MEVIUS មួយចំនួន ហើយនៅលើបង់អង្គុយជាប់នឹងសាកសពមានស្នាមដីមួយចំនួន, កញ្ចប់បារីម៉ាកMEVIUSចំនួន១ មានបារី២ដើម និងដែកកេសហ្គាស១ ។
សាកសពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង ពាក់ស្បែកជើងប៉ាតា, មានឈាមហូរតាមច្រមុះមាត់ប្រឡាក់ចង្ការដល់ផ្ទៃអាវខាងមុខ, សាកសពមានសភាពទន់ និងស្នាមជាំទ្រុឌនៅជុំវិញក១កន្លែង។
តាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ សមត្ថកិច្ចសន្និដ្ឋានបានថា សពស្លាប់ដោយសារ ចង ក ពិតមែន ពេលនេះ កំពុងតម្កល់នៅវត្តទឹកថ្លា ៕ អែល វិចិត្រ