លួចគេគ្រាន់ គេទាន់ក្រែល! លើកនេះមកលួចម៉ូតូសិស្សសាលានៅម៉ាតការ៉ាស់សាំងមិនសម្រេច ផ្អើលពលរដ្ឋស្ទា...ក់បាន វា...យឡើងស..ន្ល...ប់ស្តូ...កទាំង២នាក់ !!!
សន្តិសុខសង្គម
115

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ឌុបគ្នាមកធ្វើសកម្មភាព លួចម៉ូតូរបស់សិស្សសាលា នៅក្នុងស្ថានីយ៍ប្រេងសាំងភីធីធី ផ្លូវបេតុងព្រៃស មិនសម្រេច ត្រូវបានប្រជាពលរដ្ឋ ស្រែកឆោឡោ រត់ដេញតាមគប់ផង ស្ទាក់ផង រហូតចាប់បាននៅចំណុចច្រកចេញ ផ្អើលអ្នកដំណើរឃើញ ទប់កំហឹងមិនបាន វាយស្វាគមន៍យ៉ាងចាស់ដៃ រហូតដេកស្តូកទាំង២នាក់ និងប្រញាប់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ព្រៃស និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ កំពុងល្បាត ជួយឃាត់ខ្លួន យកទៅសាកសួរតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងភីធីធី ផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ អៀង សុផល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យចំនួន០២នាក់ រួមមាន ៖ ទី០១ឈ្មោះ ស៊ូន ប៊ុនថា ហៅ កែវ រតនា ហៅ ថា ហៅ ខ្មៅ ភេទ ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៤ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ទី០២ ឈ្មោះ សាត គឹមសុង ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងនោះ វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IY-7038 មានលេខតួ និង លេខម៉ាស៊ីន 6112655 ចំនួន០១គ្រឿង ២/ម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1KA-7701 មាន លេខតួ និងលេខម៉ាស៊ីន 9104989 ចំនួន០១គ្រឿង ៣/កាបូបស្ពាយ ពណ៌ចំរុះចំនួន០១, ៤/ដែកជ្រុងចុងសំប៉ែត ស្រួច សម្រាប់កាច់សោរកម៉ូតូចំនួន០៤, ៥/សោរខ្សៀលេខ៨ចំនួន០១, ៦/សោរតាន់០១ឈុត, ៧/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង, ៨/កូនសោរម៉ូតូចំនួន០១, ៩/សោរតេឡេម៉ូតូចំនួន០១, ១០/ប្រអប់សម្រាប់ដាក់ដែកជ្រុង ចុង សំប៉ែតស្រួចចំនួន០១ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤០នាទី ឈ្មោះ សុផល គីមស័ង ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ អៀង សុផល ភេទប្រុស អាយុ៤៩ឆ្នាំ បានជិះមូតូ ០១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ1IY-7038 មានលេខតួ និងលេខម៉ាស៊ីន 6112655 ចេញពីសាលាបឋមសិក្សាដង្កោ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅស្ថានីយ៍ ប្រេងសាំងភីធីធី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចាក់សាំងម៉ូតូ ។ ពេលឈ្មោះ សុផល គីមស័ង ចាក់សាំងម៉ូតូ រួចក៏បានទុកម៉ូតូម៉ាកខាងលើនៅខាងមុខម៉ាត7Eleven ក្នុងស្ថានីយ៍ប្រេងសាំង ភីធីធី ខាងលើ រួចឈ្មោះ សុផល គីមស័ង ក៏បានចូលទៅបន្ទប់ទឹក ។

រហូតដល់វេលាម៉ោង១៣និង០០នាទី ថ្ងៃខែឆ្នាំ ដដែល ក៏មានជនសង្ស័យ ចំនួន០២នាក់ទី០១ឈ្មោះ ស៊ូន ប៊ុនថា ហៅ កែវ រតនា ហៅ ថា ហៅ ខ្មៅ ភេទប្រុស អាយុ៣៨ឆ្នាំ ទី០២ឈ្មោះ សាត គឹមសុង ភេទប្រុសអាយុ៣៥ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1KA-7701 មានលេខតួ និងលេខម៉ាស៊ីន 9104989 មកឈប់នៅស្ថានីយ៍ប្រេងសាំងភីធីធី រួចជនសង្ស័យឈ្មោះ ស៊ូន ប៊ុនថា ហៅ កែវ រតនា ហៅ ថា ហៅ ខ្មៅ បានចុះពីលើម៉ូតូដើរទៅធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ពាក់ផ្លាកលេខភ្នំពេញ1IY-7038 មានលេខតួ និងលេខម៉ាស៊ីន6112655 របស់ជនរងគ្រោះ តែត្រូវបានឈ្មោះ ហ៊ីង រ៉ាភី ភេទប្រុស អាយុ២៣ឆ្នាំ ជាបុគ្គលិកម៉ាត 7Eleven ឃើញក៏ស្រែកឆោឡោថាចោរៗ និងនាំគ្នាជួយដេញចាប់ ឃាត់ជនសង្ស័យ រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបានចម្ងាយប្រហែល១០០ម៉ែត្រ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃស ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវ ធ្វើការឃាត់ខ្លួនទាំង២នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ នៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំងពីរនាក់ខាងលើបាន ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដ មែន ទើបជនរងគ្រោះឈ្មោះ អៀង សុផល ភេទប្រុស អាយុ៤៩ឆ្នាំ បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បី ឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕ អែល វិចិត្រ


Telegram